ក្រុមហ៊ុនបារាំង Blue Circle គ្រោងវិនិយោគលើថាមពលកកើតឡើងវិញ និងថាមពលដើរដោយកម្លាំងខ្យល់នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Blue Circle ដែលមានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ព្រមទាំងថាមពលដែលដើរដោយកម្លាំងខ្យល់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ ខែមករានេះ លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានគូសរំលេចថា កន្លងមកក្រុមហ៊ុនរបស់លោកបានធ្លាប់មកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គីសនីបាន។

លោកលើកឡើងថា ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន បានកត់សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរី។ បន្ថែមលើនេះផងដែរ ក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចធិបតីថា ជាមួយការជួយជ្រោមជ្រែង និងការសហប្រតិបត្តិការល្អជាមួយនឹងដែគូពាក់ព័ន្ធនឹងកម្ពុជា និងការគាំពារពីរាជរដ្ឋាភិបាល ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅថ្ងៃអនាគត។ ក្នុងន័យនេះ កម្ពុជាអាចនឹងទទួលបានប្រភពថាមពលអគ្គិសនីដែលកើតចេញពីប្រភពកកើតឡើងវិញកាន់តែច្រើន  និងអាចនាំចេញថាមពលអគ្គិសនី ទៅក្រៅប្រទេស បានផងដែរ។ 

ក្នុងឱកាសនៃជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានប្រកាសគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅកម្ពុជា និងស្នើក្រុមហ៊ុន ទាក់ទងជាមួយដៃគូ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសធ្វើយ៉ាងណាឱ្យគម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ ឱ្យសម្រេចបានជាលទ្ធផលផ្លែផ្កាជាក់ស្តែង៕