លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលថ្ងៃទី១៥ ខែមករានេះ បានចុះទស្សនា និងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិកាដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញផលិតនាឡិកានេះ គឺជាការវិនិយោគដោយក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប របស់អ្នកឧកញ៉ា ចេន ហ្សុី ដែលមានកំណើតចិន មានសញ្ញាជាតិខ្មែរ កំពុងបោះទុនរាប់ពាន់លានដុល្លារក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការងារនេះ អ្នកជំនាញរបស់មជ្ឈមណ្ឌល បានពន្យល់ពីដំណាក់កាលនីមួយៗនៃការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាម និងបុគ្គលិកខ្មែរដែលកំពុងហាត់ការ និងបម្រើការងារក្នុងមជ្ឈមណ្ឌលផ្ទាល់។
បើតាមលោក ហេង សួរ តាមគោលការណ៍ មជ្ឈមណ្ឌលបានផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាមរយៈពេល២ឆ្នាំដោយភ្ជាប់នឹងប្រាក់ឧបត្ថម្ភផងដែរ ដើម្បីឱ្យសិក្ខាកាមអាចក្រេបជញ្ជក់ដើម្បីទទួលបានអាជីពដ៏កម្រនេះ ព្រោះថាថ្វីត្បិតតែមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញចេញពីការផលិតក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលបាននាំចូលបច្ចេកវិទ្យាស្តង់ដានៃប្រទេសស្វីសតាមរយៈអ្នកជំនាញរបស់ស្វីសមកបណ្តុះបណ្តាលផ្ទាល់។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ Prince Horology ដែលបានបណ្តុះបណ្តាលជំនាញពិសេសនេះដល់ពលរដ្ឋខ្មែរ។
សូមរំលឹកថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horology នេះហើយដែលបានផលិតនាឡិកាជូនប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ាន និងពិភពលោកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ កាលពីឆ្នាំ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមជម្រាបជូនថា ក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត គ្រុប ជាបុត្រសម្ព័ន្ធព្រីនស៍ គ្រុប បានសហការជាមួយនឹងក្រុមហ៊ុនផលិតនាឡិការបស់ ស្វ៊ីស វិនិយោគលើគម្រោងមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈលើជំនាញផលិត និងជួលជុល នាឡិកាម៉ាកស្វ៊ីសនៅកម្ពុជា ដើម្បីបំពេញតម្រូវការធនធានមនុស្សក្នុងឧស្សហកម្មនេះ កាលពីឆ្នាំ២០១៩។ ការសហការនេះ បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផលិត និងជួសជុលនាឡិកាស្វីស ដោយបានដាក់ឈ្មោះថា Prince Horology Vocational Training Center ៕