សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៥ ខែមករា សម្តេចធិបតីបានអនុញ្ញាតដល់ក្រុមហ៊ុនធំៗរបស់បារាំងជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ដែលក្រុមហ៊ុនទាំងនោះរួមមាន៖ក្រុមហ៊ុន VINCI Airports , ក្រុមហ៊ុន ACCOR Group, ក្រុមហ៊ុន Alstom, ក្រុមហ៊ុន EDF, ក្រុមហ៊ុន PuyDuFou, ក្រុមហ៊ុន Orange Group, ក្រុមហ៊ុន Total Energies, ក្រុមហ៊ុន Blue Circleជាដើម។
ក្នុងឱកាសនៃជំនួបខាងលើ ក្រុមហ៊ុនទាំងនោះ បានបង្ហាញការចាប់អារម្មណ៍លើគម្រោងវិនិយោគ និងក៏ដូចជាបង្ហាញពីគម្រោងវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរទៅលើវិស័យផ្សេងៗដូចជាសណ្ឋាគារ, ទេសចរណ៍, ការដឹកជញ្ជូនតាមផ្លូវដែក, ថាមពល អគ្គិសនី, បច្ចេកវិទ្យាជាដើម។
ក្រៅពីជួបថ្នាក់ដឹកនាំក្រុមហ៊ុនរបស់បារាំងហើយនោះ សម្តេចធិបតី ក៏បានជួបជាមួយថ្នាក់ដឹកនាំអង្គការអន្តរជាតិហ្វ្រង់ហ្វូនី, និងបានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលមានបណ្តាក្រុមហ៊ុនជិត ១១០ ក្រុមហ៊ុន បានមកជួបជុំគ្នា ក្នុងនោះក្រុមហ៊ុនបារាំងចំនួន ៨០ និងក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឧកញ៉ាចំនួន ៣០ មកពីប្រទេសកម្ពុជា ដើម្បីនឹងធ្វើការផ្លាស់ប្តូរទំនាក់ទំនង បង្កើតឱកាសវិនិយោគនៅកម្ពុជា។លើសពីនោះ សម្តេចធិបតីបានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សារណៈយោគយល់រវាងក្រុមហ៊ុនធំៗនៅកម្ពុជាចំនួន៦ជាមួយក្រុមហ៊ុនបារាំងផងដែរ។

មានប្រសាសន៍ក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយបារាំងក៏នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា ក្នុងទំហំពាណិជ្ជកម្មសរុបចំនួន ៤,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ទន្ទឹមនឹងនេះ បារាំងនៅតែបន្តផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតកម្ពុជា លើមុខជំនាញផ្សេងៗ ដូចជាច្បាប់, វេជ្ជសាស្ត្រ, និងវិស្វកម្មជាដើម។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅបារាំង សម្តេចធិបតីបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងប៉ារីស នៅថ្ងៃទី១៥ ខែមករា បន្តឆ្ពោះទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ សហព័ន្ធស្វីសបន្តទៀតរហូតដល់ថ្ងៃទី១៩៕









