ជិត ១១០ក្រុមហ៊ុនរបស់ក្រុមសេដ្ឋីបារាំង-កម្ពុជា ជួបជុំគ្នាបង្កេីតឱកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

វេទិកាធុរកិច្ចបារាំង-កម្ពុជា ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង ដែលមានបណ្តាក្រុមហ៊ុនជិត ១១០ ក្រុមហ៊ុន បានមកជួបជុំគ្នា ដោយក្នុងនោះក្រុមហ៊ុនសេដ្ឋីបារាំងចំនួន ៨០ មកពីប្រទេសបារាំង និងក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឧកញ៉ាចំនួន ៣០ មកពីប្រទេសកម្ពុជា ដេីម្បីនឹងធ្វេីការផ្លាស់ប្តូរទំនាក់ទំនង ពង្រីកឱកាស និងសិក្សាស្វែងយល់ ពិសេស បង្កេីតឱកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា វេទិកាធុរកិច្ចបារាំង-កម្ពុជានេះនឹងឆ្លុះបញ្ចាំងនូវសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំងដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក, ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួមគ្នា។

សម្តេចធិបតីថ្លែងថា វេទិកាដ៏សំខាន់នេះ ក៏នឹងលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និងពាណិជ្ជកម្ម, ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងភាគីទាំងពីរផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ៥១៥,២១លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយបារាំងក៏នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា ក្នុងទំហំពាណិជ្ជកម្មសរុបចំនួន ៤,៦ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ បារាំងនៅតែបន្តផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតកម្ពុជា លើមុខជំនាញផ្សេងៗ ដូចជាច្បាប់, វេជ្ជសាស្ត្រ, និងវិស្វកម្មជាដើម ។

សូមជម្រាបជូនថា វេទិកាធុរកិច្ចបារាំង-កម្ពុជា ត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធនិយោជកបារាំង (MEDEF) សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា និង ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង ក្នុងគោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីជំរុញវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស តភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច៕