ផលិតកម្ម «Galaxy Navatra» របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្ដែងការខកចិត្តជាខ្លាំងចំពោះតារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ដែលបានប្រើប្រាស់ពាក្យរិះគន់មិនគប្បី អសុរសទៅលើតារាចម្រៀង២ដួង ក្នុងផលិតកម្មរបស់ខ្លូន គឺតារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀង ខេមរៈ សិរីមន្ត ដោយពាក្យមាក់ងាយប្រមាថទាំងនេះ ពិតជាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់តារាចម្រៀងទាំងពីរខាងលើ ដែលសុទ្ធសឹងជាតារាល្បីលំដាប់ប្រទេស ហើយបានបង្ហាញពីការមិនសាមគ្គីគ្នាក្នុងវិស័យសិល្បៈចម្រៀង និងអាចមានគំនុំគុំគួនគ្នាទៅថ្ងៃក្រោយទៀតផង។
តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ផលិតកម្ម «Galaxy Navatra» បានបង្ហោះសារដោយភ្ជាប់ជាមួយនឹងវីដេអូឃ្លីបរិះគន់របស់តារារ៉េប «ខ្មែរមួយជីវិត» ថា «គ្រួសារ Galaxy Navatra សូមសម្ដែងនូវការខកចិត្ត ចំពោះសិល្បករ (ខ្មែរមួយជីវិត) ដែលបានប្រើប្រាស់ពាក្យមិនសមរម្យ (M-other F-u.c.k) មកលើកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរ: សេរីមន្ត នៅក្នុងឃ្លីបវីដេអូមួយដែលនេះជាប្រមាថ មាក់ងាយ បៀតបៀនសិទ្ធិផ្ទាល់ខ្លួនជាសាធារណៈ របស់កំពូលតារាចម្រៀងទាំងពីរ»។
ផលិតកម្ម «Galaxy Navatra» បានបន្តថា «គ្រួសារ Galaxy Navatra ពិតជាយល់ បងប្អូនយើងសុទ្ធតែជាសិល្បករ ហើយជាជនជាតិខ្មែរដូចគ្នា អ្វីដែលសំខាន់គួររកវិធីសាមគ្គីគ្នា ដើម្បីទៅមុខជាមួយគ្នា ព្រមទាំងប្រកួតប្រជែងជាមួយអន្តរជាតិ។ សន្តិភាពផ្លូវចិត្ត សន្តិភាពគ្រួសារ សន្តិភាពសតិអារម្មណ៍ មិនបៀតបៀនអ្នកដទៃ ពេលវេលានេះយើងត្រូវឱបក្រសោបគ្នា ទោះយើងទៅដល់ទីណាក៏យើងមានឈាមជ័រ ជាជនជាតិខ្មែរ។ក្នុងនាមជាអ្នកសិល្បៈ ភាពអស្ចារ្យ ភាពខ្លាំង ដើម្បីប្រកួតប្រជែងទៅអន្តរជាតិបាន យើងមិនអាចដើរតែឯងបានទេ ហើយរឹតតែមិនអាចយកភាសា ប្រមាថ និងខ្វះក្រមសីលធម៌ បៀតបៀនសិទ្ធិអ្នកដទៃ ហើយជាន់គេជាន់ឯងបែបនេះឡើយ»។
«យើងជាជនខ្មែរត្រូវតែចូលរួមជាមួយគ្នា បើមានចំណុចខ្វះខាតត្រូវកែតម្រូវ និងឆ្ពោះទៅមុខជាមួយគ្នា ដោយមិនមានការចងគំនុំឬគុំគួនឡើយ។ គ្រួសារ Galaxy Navatra ស្នើសុំឲ្យសិល្បករ (ខ្មែរមួយជីវិត) ពិចារណាទៅលើសម្ដី ដែលបានប្រមាថ មាក់ងាយពេញទំហឹងមកលើកំពូលតារាចម្រៀងទាំងពីរ។ ការឆ្លើយតបរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ដោយសារតែលោកមានអារម្មណ៍ពិបាកនឹងទទួលយកពាក្យ (M-other F-u.c-k) ដែលជាប្រមាថ មាក់ងាយធ្ងន់ធ្ងរ និងបែងចែកគោលដៅនៃសិល្បៈ ព្រមទាំងកំណត់បែងចែកទេពកោសល្យ។ ទោះបីជាបទ Call Me Papa នៅក្នុងនោះមានកន្លែងដែលរ៉េបខ្លះ ដែលទទួលបានការគាំទ្រខ្លាំង ក៏នៅក្នុងបទចម្រៀងមិនមានពាក្យណាមួយ ដែលគ្មានក្រមសីលធម៌ និងជាគំរូមិនល្អដល់ក្មេងៗឡើយ»។
ទាក់ទងនឹងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញប្រតិកម្មថា «ប្អូនគ្មានសិទ្ធិមកចាត់ចែងបងឲ្យច្រៀង ឬមិនច្រៀងចង្វាក់នេះ ឬចង្វាក់នោះទេ។ បើតាំងខ្លួនជាអ្នកសិល្បៈហើយ សូមកុំចង្អៀតចង្អល់ពេក ព្រោះក្នុងរយៈពេល ២០ឆ្នាំមកនេះ តើមានចង្វាក់អ្វីដែលខ្ញុំមិនធ្លាប់ច្រៀងនោះ ហើយបានច្រៀងតាំងពីបងប្អូនសិល្បៈខ្លះ មិនទាន់ចេះស្លៀកខោទៀតផង។ ប្អូនត្រូវចាំថា ប្អូនគ្មានសិទ្ធិមកចាត់ចែង មិនឲ្យបងចម្រៀងចង្វាក់នេះចង្វាក់នោះទេ ទីផ្សារសេរីអ្នកណាធ្វើអីបានក៏ធ្វើទៅ តាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ប្អូនចង់ច្រៀងចង្វាក់អ្វីបងក៏មិនហាមដែរ ហើយចង្វាក់អស់ទាំងនោះបងបានច្រៀង ៣ទៅ៤វ៉ុល តាំងពី១០ឆ្នាំមុនរួចទៅហើយ!»។
សូមបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយកាលពីចុងឆ្នាំ២០២៣ ខ្មែរមួយជីវិតបានលើកឈ្មោះចំៗទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ និងខេមេរៈ សិរីមន្ដ ស្ដីពីការបកស្រាយបទចម្រៀងបែបរ៉េប ដែលពួកគេទាំងពីរមិនសមនឹងបកស្រាយបទចម្រៀងបែបនេះ ហើយចាត់ថា វាជាភាពអាម៉ាស់មួយនៅក្នុងសង្គមសិល្បៈខ្មែរ។យ៉ាងណាមិញវីដេអូនេះ ទើបតែត្រូវបានឧកញ៉ា ខេមរៈ សិរីមន្ដ បានឃើញ និងធ្វើវាយបកទៅវិញ កាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ៕