លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com បានបង្ហាញពីគោលបំណងក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោកស្រី Jane Sun បានបង្ហាញអំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្មផ្តោតជាសំខាន់លើវិស័យទេសចរណ៍។
ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាក់ពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ដែលជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។
ជាការឆ្លើយតបនៃជំនួបនោះ សម្តេចធិបតី បានបង្ហាញនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា ជាពិសេស តាមរយៈកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា Trip.com គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក ។ អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅកម្ពុជា តាមរយៈវេបសាយ Trip.com ហើយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ៕