អំឡុងពេលអមដំណើរនាយករដ្ឋមន្រ្តីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ World Economic Forum 2024 នៅទីក្រុងដាវ៉ូស ប្រទេសស្វីស រដ្ឋមន្ត្រីស្រ្តីវ័យក្មេងរបស់ក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានជួបលោក Matthew Stephenson ប្រធានផ្នែកវិនិយោគ និងសេវាកម្ម នៃវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃអង្គារ៍ ទី១៦ ខែមករា នេះ។

ក្នុងជំនួបរយៈពេលខ្លីនេះ លោកស្រី ចម និម្មល និងលោក លោក Matthew Stephenson បានពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលភាគីទាំងពីរបានជជែករំលឹកអំពីកិច្ចសហប្រតិបត្តិក្នុងការបង្កើតប្រព័ន្ធទិន្នន័យ ស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅផ្តល់ កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាព (SD2) សហការរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅ អង្គការពាណិជ្ជកម្មពិភពលោក និងនៅកម្ពុជា។

នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចគាំទ្ររបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដល់ការជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យមួយចំនួន រួមទាំងការរៀបចំវេទិកាកសិ-ចំណីអាហារក្នុងតំបន់ ឬទម្រង់ផ្សេងទៀតនៃព្រឹត្តិការណ៍ដែលប្រមូលផ្តុំតួអង្គទាំងអស់នៅក្នុងឧស្សាហកម្មកសិ-ចំណីអាហារ។
កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ «ការកសាង ឡើង វិញនូវទំនុកចិត្ត» ដោយផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លា ភាព សង្គតិភាព និងគណនេយ្យភាព។ ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិ សំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹង ចូល រួមក្នុងកិច្ចប្រជុំនេះ៕
