ផ្លូវការ! គម្រោងព្រែកជីកតម្លៃប្រមាណ១៧០០លានដុល្លារ គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ដែលត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» គ្រោងនឹងរៀបចំបើកការដ្ឋានសាងសង់នៅត្រីមាសទី៤ ឆ្នាំ២០២៤នេះ។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា “យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ ”។

សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ បានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ»។គម្រោងព្រែកជីកហ្វូណនតេជោនេះត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់ទុកថាជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ ដែលបន្ទាប់ពីគម្រោងលេចចេញជារូបរាងឡើងរួចរាល់ នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេនឹងកាន់តែរីកចម្រើនផងដែរ។

សូមជម្រាបផងដែរថា គម្រោងផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។គម្រោងព្រែកជីកនេះ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ១ ៧០០លានដុល្លារអាមេរិក៕