ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី កើនឡើងដល់៧.៧ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងហុងគ្រី មានប្រមាណ៧.៧ពាន់លានដុល្លារ កើនឡើងជាង៩% បើធៀបឆ្នាំ២០២២ ខណៈភាគីទាំងពីរប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មឱ្យឈានដល់កម្រិតសក្តានុពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លទ្ធផលកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជានិងហុងគ្រី កាលពីថ្ងៃ០៩ ខែមករា ឆ្នាំ២០២៤ ដែលធ្វើឡើងរវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ទ្រឹស្ពាន អាហ្សបេទ្យ (Tristan AZBEJ) រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានកត់សម្គាល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២២ ប្រមាណ៨៤% ធៀបនឹងឆ្នាំ២០២១ ដែលនេះបង្ហាញពីជំហានវិជ្ជមានគួរឱ្យកត់សម្គាល់។

ក្នុងនោះ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី រយៈពេល១១ខែ ឆ្នាំ២០២៣ សម្រេចបានប្រមាណ ៧.៧ លានដុល្លារ មានការកើនឡើង ៩.៥៣% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២២ ខណៈភាគីទាំងពីរ ក៏បានឯកភាពបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការផ្តល់គម្រោងឥណទាន ជាពិសេស ក្នុងវិស័យកសិកម្ម សន្តិសុខស្បៀងអាហារនិងការគ្រប់គ្រងធនធានទឹក ព្រមទាំងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារហុងគ្រីរួមមាន គ្រាប់ធញ្ញជាតិ ថ្នាំជក់ ឧបករណ៍អគ្គិសនី សម្លៀកបំពាក់ បរិធានមេកានិក ដែកថែប និងស្បែកជើង។រីឯទំនិញនាំចូលពីហុងគ្រីរួមមាន៖ ឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ក្មេងលេង ផលិតផលធ្វើពីទឹកដោះជាដើម៕