សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោក Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង។
ទន្ទឹមនឹងនេះ ប្រធានព្រឹទ្ធសភាបារាំង ក៏បានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែក រវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ ២៥ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩ មក។
ក្នុងជំនួបនោះ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានជម្រាបប្រធានព្រឹទ្ធសភា អំពីលទ្ធផលនៃជំនួបជាមួយប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសា ជាដើម។

ក្នុងឱកាសនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានអញ្ជើញប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។
បន្ទាប់ពីជំនួបផ្លូវការជាមួយប្រធានព្រឹទ្ធសភាបារាំង សម្តេចធិបតីបានបន្តធ្វើទស្សនកិច្ចក្នុងវិមានព្រឹទ្ធសភាបារាំង ដែលមានការទទួល និងបដិសណ្ឋារកិច្ចយ៉ាងស្និទស្នាលពីលោក Vincent EBLÉ ប្រធានក្រុមមិត្តភាពសភាបារាំង កម្ពុជា ឡាវ នៃព្រឹទ្ធសភាបារាំង៕



