ប្រធានាធិបតី ម៉ាក្រុង យល់ព្រមសំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតមជ្ឈមណ្ឌលវប្បធម៌បារាំងប្រចាំតំបន់ នៅលើទឹកដីកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជា-បារាំង នឹងពង្រឹងបន្ថែមទៀតទំនាក់ទំនងវប្បធម៌ និងភាសា ហើយកម្ពុជាសង្ឃឹមថា នឹងទទួលបានការគាំទ្រក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២០ ខែមករា បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៅប្រទេសបារាំង លោក ហ្សង់ ហ្វ្រង់ស័រ តាន់ មានប្រសាសន៍ថា «សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញជាសំណូមពរដល់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង សូមបង្កើតមជ្ឈមណ្ឌលវប្បធម៌របស់បារាំងប្រចាំតំបន់ នៅលើទឹកដីកម្ពុជាតែម្ដង។ ការបង្កើតនេះធ្វើឡើងក្នុងគោលដៅធ្វើឲ្យកម្ពុជា ក្លាយជាថ្នាល់ ក្លាយជាស្ពាន ដើម្បីចម្លងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលការទំនាក់ទំនងវប្បធម៌ល្អប្រសើររវាងបារាំង និងរវាងអាស៉ីអាគ្នេយ៍។ ជាមួយគ្នានោះ លោក ម៉ាក្រុង បានយល់ព្រមបំពេញតាមសំណើរបស់សម្ដេចធិបតី»។

លោកបន្តថា ថ្នាក់ដឹកនាំកំពូលៗរបស់បារាំងទាំងប្រធានាធិប តី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងសម្បីតែអគ្គលេខាធិការនៃអង្គការ OIF សុទ្ធតែបញ្ជាក់ប្រាប់សម្ដេចធិបតីថា នឹងគាំទ្របេក្ខភាពរបស់កម្ពុជា ក្នុងការរៀបចំជំនួបកំពូល ហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ខាងមុខនេះ នៅលើទឹកដីកម្ពុជា។

ក្នុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំង នៅវិមាន Élysée សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំពឹងដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចនឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងកាន់តែល្អប្រសើរ។ លើសពីនេះ សម្តេចធិបតីក៏ចង់ឃើញកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរកាន់តែរស់រវើកដើម្បីក្លាយជាចរន្តឈាមចិញ្ចឹមទំនាក់ទំនងកម្ពុជា-បារាំង៕