នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យ។
ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃចន្ទ ខែមករានេះ នៅវិមានសន្តិភាពលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់នូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យ បន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ។
ក្នុងជំនួបនោះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលីក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការនៃការស្វែងរកនូវសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអំពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពអាចព្យាករណ៍បាន និងភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះនៅកម្ពុជា។
លើសពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតអូស្រ្តាលី ក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួមរវាងកម្ពុជា-អូស្រ្តាលី ដែលទាំងកម្ពុជា និងអូស្រា្តលីអាចនឹងបង្កើន និងពង្រឹងនូវតួនាទីរបស់ខ្លួននៅក្នុងវេទិកាតំបន់ និងសកល ផងដែរ។
ទំហំពាណិជ្ជកម្មកម្ពុជា- អូស្រ្តាលីកើនឡើងពីចំនួន ២០៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ រហូតដល់ ៥២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២។ ដោយឡែកក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង២៩៥លានដុល្លារ ថយចុះជាង៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរដ្ឋវិចតូរៀ ក៏គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-អូស្រ្តាលី នៅក្នុងខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ពោលគឺស្របពេល នៃការរៀបចំកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងអូស្រ្តាលី។ នេះបើតាមមន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា៕