ទិវាមនុស្សធម៌ ក្រោមប្រធានបទ ធនាគារ អេស ប៊ី អាយ លី ហួរ ដើម្បីស្នាមញញឹមកុមារកម្ពុជា ក្នុងឱកាសនៃកម្មវិធីសិក្ខាសាលា ស្តីពីយុទ្ធសាស្រ្តអាជីវកម្ម និងការឆ្ពោះទៅកាន់ការប្តេជ្ញាចិត្តនៅឆ្នាំ២០២៤ ក្នុងទឹកដីអង្គរ ខេត្តសៀមរាប

សង្គម​ និង​សេដ្ឋកិច្ច

សៀមរាប៖ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានឧបត្ថម្ភ សម្ភារៈសិក្សាជាច្រើនជូនដល់សាលាបឋមសិក្សាដូនដៀវ និងសាលាបឋមសិក្សាកូនសត្វ ដែលស្ថិតនៅក្នុង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកស្រីនាយិកា និងលោកនាយកសាលា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ ជាច្រើនរូប។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីមនុស្សធម៌នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ “ធនាគារ អេស​ ​ប៊ី អាយ លី ហួរ ដើម្បីស្នាមញញឹមកុមារកម្ពុជា” ក្នុងឱកាសនៃសិក្ខាសាលាស្តីពី “យុទ្ធសាស្រ្តអាជីវកម្ម និងការឆ្ពោះទៅកាន់ការប្តេជ្ញាចិត្តឆ្នាំ ២០២៤។”

លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានមានប្រសាសន៍ថា “ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែ​យកចិត្តទុក​ដាក់​ក្នុងការផ្តល់ត្រឡប់ទៅកាន់​សហគមន៍ដែលខ្លួនកំពុងប្រកបអាជីវកម្ម តាមរយៈកម្មវិធីសប្បុរសធម៌ជាច្រើន​ ហើយធនាគារបាននឹងកំពុងបន្ត​ប្តេជ្ញា​ចិត្ត ចំពោះបេសកកម្ម និងយុទ្ធសាស្រ្តចំបងៗរបស់ខ្លួន ក្នុងការរួមចំណែកធ្វើឲ្យជីវភាពប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរ និងជាវិភាគទានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ”។ ការបណ្តុះបណ្ដាលកុមារជារឿងសំខាន់ណាស់ ក្នុងការឆ្លើយតបទៅនឹងអ្នកបន្តវេនរបស់ប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្រ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។”​

កម្មវិធីមនុស្សធម៌នេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានផ្តល់ជូនសម្ភារៈសិក្សាមួយចំនួន រួមមាន៖ សៀវភៅសរសេរ ខ្មៅដៃ ដៃខួង ជ័រលុប អាវយឺត និងថង់បរិស្ថាន ដល់សិស្សានុសិស្សសរុបចំនួន ២២២នាក់ ដែលកំពុងសិក្សានៅក្នងសាលាទាំងពីរ។ បន្ថែមពីនេះទៀត សាលាទំាងពីរក៏ទទួលបាន ប៊ិច ក្រដាសរ៉ាមជាច្រើនទៀត ដែលជាសម្ភារៈការិយាល័យចាំបាច់សម្រាប់ប្រើប្រាស់នៅក្នុងការិយាល័យសិក្សា និងឆ័ត្រធំៗ សម្រាប់ប្រើប្រាស់ជាម្លប់ដល់សិស្សានុសិស្សអំឡុងពេលចេញលេង និងការជួបជុំផ្សេងៗ។

លោកអគ្គនាយក បានបន្ថែមទៀតថា “ជាមួយគ្នានេះផងដែរ ​ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំសិក្ខាសាលាស្តីពី យុទ្ធសាស្រ្តអាជីវកម្ម និងការឆ្ពោះទៅកាន់ការប្តេជ្ញាចិត្តឆ្នាំ២០២៤ នៅខេត្តសៀមរាបនេះផងដែរ ដោយមានការចូលរួមពី    គណៈគ្រប់គ្រងជាន់ខ្ពស់ នាយក/នាយិកា នាយកដ្ឋាន និងប្រធានសាខាទូទាំងប្រទេស។”

សិក្ខាសាលានេះបានប្រព្រឹត្តិទៅដោយរលូន ដើម្បីចែករំលែកពីយុទ្ធសាស្រ្តរបស់ធនាគារ ព័ត៌មានផ្សេងៗ ព្រមទាំងចំណេះដឹងបន្ថែម រួមជាមួយនឹងពិធីលាងសាយភោជន៍សម្រាប់សិក្ខាកាម កម្មវិធីជិះកង់ដើម្បីសុខភាព និងមិត្តភាព នៅជុំវិញបរិវេណប្រាសាទអង្គរវត្ត ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងកក់ក្តៅបំផុត ដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបានលទ្ធផល   ការងា​រកាន់តែប្រសើរសម្រាប់ឆ្នាំ២០២៤នេះ។

ក្រោយចាប់ផ្តើមដំណើរតាំងពីឆ្នាំ ២០២០ ធនាគារ ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើនដែលរួមមានវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ ដោយធនាគារបានឧបត្ថម្ភដល់សាលាដាច់ស្រយាលក្នុងប្រទេសកម្ពុជា វិស័យសុខាភិបាល ដោយធនាគារបានបរិច្ចាគឈាម និងវិស័យសង្គមកិច្ច ដោយធនាគារបានចូលរួមដាំកូនឈើ។

គួរបញ្ជាក់ផងដែរថា ធនាគារ អេស ប៊ី អាយ លី ហួរ ពីមុនត្រូវបានសាធារណជនស្គាល់យ៉ាងច្បាស់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដែលបានកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូរជាយុទ្ធសាស្រ្តអាជីវកម្មគឺក្រុមហ៊ុន SBI Holdings Inc. និងអ្នកឧកញ៉ា លី ហួរ ។ បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានសាខាចំនួន ៤៩ តាមបណ្តារាជធានី និងខេត្ត នៅទូទាំងប្រទេស៕