អ្នកនិពន្ធ៖ ​សៀវភៅ(កូនប្រុសច្បងដ៏មានឥទ្ធិពល)មានវត្តមាននៅប្រទេសបារាំងបន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុន

សង្គម​ និង​សេដ្ឋកិច្ច

លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាអ្នករៀបរៀងសៀវភៅ (កូនប្រុសច្បង ដ៏មានឥទ្ធិពល) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអាទិត្យទី១៤ ខែមករា ឆ្នាំ២០២៤នេះថា បន្ទាប់ពីធ្វើ​បច្ចុ​ប្បន្នភាព និងបោះពុម្ពលើកទី២ សៀវភៅ (កូនប្រុសច្បងដ៏មានឥទ្ធិពល) បានមានវត្តមាននៅប្រទេសបារាំង បន្ទាប់​​​ពីទៅដល់​សហរដ្ឋ​អាមេរិក និងប្រទេសជប៉ុន តាមការស្នើសុំរបស់អ្នកគាំទ្រ សកម្មជន  និងមហាជន​កាលពី​ពេល​​កន្លង​មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកពៅ សុខ បញ្ជាក់ថា នេះជាមោទនភាពមួយក្នុងនាមលោកជាអ្នកនិពន្ធ ជាអ្នករៀបរៀងសៀវភៅ ដែលស្នាដៃរបស់លោក ត្រូវបានគាំទ្រ និងនាំយកទៅកាន់បណ្តាប្រទេសមួយចំនួនទាំងនៅក្នុងទ្វីអាស៊ី និងអឺរ៉ុប តាមរយៈអ្នកស្ម័គ្រចិត្ត សកម្មជន ជាពិសេសអ្នកគាំទ្រ អ្នកគោរពស្រឡាញ់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន កញ្ញាជំទាវ ប៊ុន សុខសាន្ត លោកមេធាវី ម៉ុត សៀងហៃ និងអ្នក​គាំទ្រដទៃជាច្រើនទៀត។

លោក ពៅ សុខ បញ្ជាក់បន្ថែមថា សៀវភៅ(កូនប្រុសច្បង ដ៏មានឥទ្ធិពល) បានមានវត្តមាននៅ​សហរដ្ឋ​អាមេរិកកាលពីចុងខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងបេសកកម្មជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលអញ្ជើញចូលរួម​ក្នុង​មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តីលើកទី២ ក្នុង​បេសកកម្មជាលើកដំបូងរបស់សម្តេចមហាបវរធិបតី ទៅកាន់ប្រទេសជប៉ុន កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ និង​​លើកទី៣ នៅប្រទេសបារាំង នៅពាក់កណ្តាលខែមករាឆ្នាំ២០២៤នេះ។

លោក ពៅ សុខ រម្លឹកថា បន្ទាប់ពីធ្វើបច្ចុប្បន្នភាពជិត២០០ទំព័របន្ថែមទៀតសៀវភៅ (កូនប្រុសច្បង​ដ៏មាន​ឥទ្ធិពល) ត្រូវបានបោះពុម្ពជាលើកទី២ចំនួន២ម៉ឺនច្បាប់ កាលពីខែតុលា ឆ្នាំ២០២៣  ក្រោមការឧបត្ថម្ភ​បោះ​ពុម្ព​ទាំង​ស្រុងពីសម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ខណៈការ​បោះ​ពុម្ព​លើកទី១ ចំនួន២ម៉ឺនច្បាប់ ក្រោម​ការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដូចគ្នា។

លោកអះអាងថា ដូចជុំទីមួយដែរ ជុំទី២នេះ លោកនឹងផ្សព្វផ្សាយ សៀវភៅ(កូនប្រុសច្បង​ដ៏មាន​ឥទ្ធិពល) ទៅដល់បណ្តា រាជធានី ខេត្ត ទាំង២៥ និងនៅក្រៅប្រទេសតាមការស្នើសុំរបស់មិត្តអ្នកអាន និងអ្នកគាំទ្រទាំងអស់។

លោកពៅ សុខ ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភការបោះពុម្ពផ្សាយ និងអរគុណដល់បណ្តាមិត្ត​អ្នក​អានទាំងអស់ ដែលបានគាំទ្រស្នាដៃរបស់លោកផងដែរ៕