និស្សិតយោធាកម្ពុជាដែលមានឈាមជ័រជាអ្នកស្រុកសំរោង ខេត្តតាកែវ កញ្ញា ប្រាក់ សេងហុង បានការពារសារណាជាប់ដោយជោគជ័យ និងទទួលបាននិទ្ទេសល្អថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្តយោធា នៅសាលាបញ្ជាការសេនាធិការកងទ័ពជើងគោក នៃប្រទេសចិន នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្របពេលដែលកម្ពុជាកំពុងអបអរសាទរខួប២៥ឆ្នាំ ថ្ងៃកំណើតបញ្ជាការដ្ឋាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ប្រភពដែលជឿទុកម្នាក់បានបង្ហើបឲ្យដឹងថា កញ្ញា ប្រាក់ សេងហុង គាត់ជាស្ត្រីដែលបានជាប់ឈ្មោះទៅរៀនថ្នាក់អនុបណ្ឌិតនៅប្រជាមានិតចិន ហើយជាស្ត្រីមួយរូបជាប់និទ្ទេសល្អក្នុងចំណោមនិសិត្សយោធាគ្រប់បណ្តាប្រទេស។ ប្រភពដដែលបន្តថា «ការការពារសារណាជាប់ដោយជោគជ័យ និងទទួលបាននិទ្ទេសល្អថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្តយោធានៅចិននេះ គាត់ទទួលបានការសរសើពីថ្នាក់ដឹកនាំរួមទាំងមិត្តបណ្តាលប្រទេសផ្សេងៗដែលបានមកចូលរៀននៅថ្ងៃបញ្ចប់សារការពារសារណា»។



យោងតាមប័ណ្ណជីវប្រវត្តិសង្ខេបរបស់និស្សិតយោធាកម្ពុជា ប្រាក់ សេងហុងបានឲ្យដឹងថា កញ្ញា ប្រាក់ សេងហុង កើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៦ នៅភូមិពេជ្រចង្វា ឃុំបឹងក្រាញ់ខាងកើត ស្រុកសំរោង ខេត្តតាកែវ។ កញ្ញាមានបងប្អូនបង្កើតចំនួន ៧នាក់ក្នុងនោះកញ្ញាជាកូនទី៤ ក្នុងគ្រួសារ ដែលជាកូនកសិករ និងឪពុកជាអតីតនាយទាហាន។

បច្ចុប្បន្នកញ្ញា ប្រាក់ សេងហុង មានឋានន្តរស័ក្តិ «វរសេនីយ៍ត្រី» នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ ដែលចូលបំរើការងារកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥។ មុនពេលចូលបំរើកងទ័ពកញ្ញាជានិស្សិតនៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ។ ពេលលាក្រុមគ្រួសារឡើងមកបន្តការសិក្សានៅភ្នំពេញ ក្នុងឆ្នាំ២០១៣ កញ្ញាបានជួលបន្ទប់ស្នាក់នៅជាមួយបងស្រីដោយរៀនបណ្តើធ្វើការបណ្តើជាអ្នករត់តុក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

កញ្ញា ប្រាក់ សេងហុង បានប្រលងជាប់នៅសាលានាយទាហានសកម្មជំនាន់ទី១៩ ឆ្នាំ ២០១៥ ដែលធ្វើការហ្វឹកហាត់រយៈពេល ៤ឆ្នាំ។ កញ្ញាទទួលបានការហ្វឹកហាត់វគ្គឆត្រ័យោង ឆ្នាំ២០១៨ និងបរិញ្ញាបត្រយោធា ឆ្នាំ២០១៩ ព្រមទាំងធ្លាប់បានចេញទៅហ្វឹកហាត់រយៈពេល ១១ខែក្នុងវគ្គបញ្ជាការសេនាធិការកងទ័ពជើងគោកនៃមហាវិទ្យាល័យកងទ័ពជើងគោកប្រទេសចិន។
មុនចេញទៅរៀនបន្តយកថ្នាក់អនុបណ្ឌិតវិសាស្រ្តយោធានៅចិន កញ្ញា ប្រាក់ សេងហុង បានចូលបម្រើការជាជំនួយការ ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ហើយថ្ងៃទី២៤ខែមករានេះ កញ្ញា សេងហុក បាននាំភាពជោគជ័យយ៉ាងត្រចេះត្រចង់ជូនជាតិមាតុភូមិ គឺជាស្រ្តីទី១ដំបូងគេដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្តយោធានៅប្រទេសមហាអំណាចិន៕




















