រយៈពេលជិត១៨ឆ្នាំ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ មានក្រុមហ៊ុនផលិតកម្មចំនួន៨៦ មកពី១៤ប្រទេស អាចផ្តល់ការងារដល់ប្រជាជនកម្ពុជាចំនួន ៤៣,៨០០នាក់ និងជនបរទេសប្រមាណ ៧២០នាក់ នៅក្នុងវិស័យឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់របស់ប្រទេសកម្ពុជា។ ក្នុងនោះប្រហែល៧% បានរួមចំណែកក្នុងការនាំចេញទំនិញសរុបទូទាំងប្រទេសដែលមានចំនួនប្រមាណ ២៣,៤៧០លាន ដុល្លារ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ខែមករានេះ បានឱ្យដឹងថា ការអភិវឌ្ឍ និងការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បានបង្ហាញឱ្យឃើញផងដែរនៅក្នុងតម្លៃនៃការនាំចេញផលិតផល ពីក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងនោះតម្លៃនៃការនាំចេញបានកើនឡើងទ្វេដង ក្នុងរយៈពេល៥ឆ្នាំ ពោលគឺពីតម្លៃ ៣១៦លានដុល្លារ ក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លានដុល្លារ ក្នុងឆ្នាំ២០២១។ ចំនួននេះបានកើនឡើងទ្វេដងម្ដងទៀតក្នុងរយៈពេលត្រឹមតែមួយឆ្នាំបន្ទាប់ប៉ុណ្ណោះ គឺកើនដល់ទៅ ១,៣៤៦លានដុល្លារ ក្នុងឆ្នាំ២០២២។ ចំណែកនៅឆ្នាំ២០២៣ នេះមានតម្លៃ១,៦២១លាន ដុល្លារ ដែលជាតម្លៃនាំចេញខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការកកើតតំបន់នេះ។
ជាមួយគ្នានោះ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ក៏បានរួមចំណែកប្រហែល ៧% ក្នុងតម្លៃនាំចេញសរុបទូទាំងប្រទេសផងដែរ ដែលមានប្រមាណ ២៣,៤៧០លានដុល្លារ។ ការកើនឡើងយ៉ាងខ្លាំងនេះ បានកើតឡើង បើទោះបីជាស្ថិតក្នុងស្ថានភាព កូវីដ-១៩ ក៏ដោយ។
ទាំងអស់នេះគឺ ដោយសារការពង្រីក និងការរីកចម្រើនជាលំដាប់ នៃផលិតកម្មរបស់អ្នកវិនិយោគទាំងអស់ ជាពិសេសនៅក្នុងវិស័យអគ្គិសនី អេឡិចត្រូនិច និងវិស័យគ្រឿងបង្ករថយន្ត។ ក្នុងនោះតម្លៃនៃការនាំចេញពីវិស័យអគ្គិសនី និងអេឡិចត្រូនិក បានកើនឡើង៧១% ពី២៣៤លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់ ៣៩៩លាន ដុល្លារក្នុងឆ្នាំ២០២៣។ ដោយឡែកតម្លៃនៃការនាំចេញពីវិស័យគ្រឿងបង្គុំរថយន្តវិញបានកើនឡើងកាន់តែច្រើន គឺ១៥៦% ពីតម្លៃ ១១៣លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់ ២៨៩លាន ដុល្លារ ក្នុងឆ្នាំ២០២៣៕