ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ និងប្រកាសបើកស្តីពី “ការអនុវត្តគម្រោងជួយគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព”

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ធី ធី ភី គ្រុប ខូអិលធីឌី (TTP Group Co., Ltd.) និងក្រុមហ៊ុន អ៊ីល ប្រៀល ខូអិលធីឌី (ILBRILLE Co., Ltd.) បានសហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) រៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ និងប្រកាសបើកស្តីពី “ការអនុវត្តគម្រោងជួយគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព” ដែលប្រព្រឹត្តនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូអ៊ីណូ អាត់ ស៊ូស៊ី (UENO ATSUSHI) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបផងដែរថា គម្រោងជួយគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព នេះគឺធ្វើឡើង តាមរយៈការរៀបចំកម្មវិធី បណ្តុះបណ្តាលកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញព្យាបាល និងថែរក្សាស្បែកមុខ រយះពេល២ឆ្នាំ។

ឧកញ៉ា តែ ប៉រហុង អនុប្រធានក្រុមហ៊ុន TTP GROUP Co., Ltd. មានសេចក្តីសោមនស្សរីករាយជាខ្លាំង និងជម្រាបជូនពីគោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះគឺដើម្បីជួយគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព ផ្ដល់ឱកាសការងារ និងមុខរបរដល់ស្រ្តីកម្ពុជា ដែលមានបំណង ឬចំណាប់អារម្មណ៍ ក្នុងការចាប់យកអាជីព និងចាប់ផ្តើមអាជីវកម្មជាអ្នកជំនាញព្យាបាល និងថែរក្សា ស្បែកមុខតាមបែបស្តង់ដារជប៉ុន។

សិស្ស និងនិស្សិតនឹងធានាបាននូវគុណភាពនៃការបណ្តុះបណ្តាល ដែលការបង្រៀនដោយអ្នកឯកទេសមកពីប្រទេលជប៉ុនផ្ទាល់ មានបទពិសោធច្រើនឆ្នាំ លើវិស័យថែរក្សាសម្ផស្ស ព្រមទាំងមានការបញ្ចូលនូវកម្មវិធីបណ្តុះបណ្តាលជំនាញទន់ និងសហគ្រិនភាពទៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការព្យាបាល និង ថែរក្សាសម្ផស្សនេះ ដើម្បីឱ្យសិស្ស និងនិស្សិតដែលបានបញ្ចប់ការ សិក្សាអាចបង្កើតមុខរបរដោយខ្លួនឯងបាន ឬបន្តការងារជាមួយវិស័យថែរក្សាសម្ផស្សប្រកបដោយជំនាញ វិជ្ជាជីវៈ ត្រឹមត្រូវ ច្បាស់លាស់ និងតាមស្តង់ដារអន្តរជាតិ។

ឧកញ៉ា តែ ប៉រហុង សង្ឃឹមយ៉ាងម៉ុតមាំថា គម្រោងនេះ នឹងក្លាយជាផ្នែកមួយ នៃការអភិវឌ្ឍន៍ធនធានមនុស្ស បង្កើនអត្រាកម្មភាពនិងសហគ្រិនភាពរបស់ស្ត្រី លើជំនាញព្យាបាលនិងថែរក្សាសម្ផស្សនៅកម្ពុជា ព្រមទាំង ជួយបង្កើនកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងជប៉ុន ដើម្បីជាឱកាសសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតនាពេលអនាគតផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា បានបន្ថែមទៀតថា ក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី របស់TTP Group Co., Ltd. គឺក្រុមហ៊ុន Purifix Co., Ltd. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល Collagen ផលិតនៅប្រទេសជប៉ុន នឹងមកដល់ក្នុងពេលឆាប់ៗនេះ៕