ក្រុមហ៊ុនកូរ៉េសំឡឹងឃើញផលិតផលសក្តានុពលកម្ពុជា ដើម្បីធ្វើការកែច្នៃ និងនាំចេញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនកូរ៉េ បានមើលឃើញផលិតផលសក្តានុពលជាច្រើនរបស់កម្ពុជា ដើម្បីធ្វើការនាំចូលទៅកាន់ទីផ្សារកូរ៉េ និងចង់ពង្រីកការនាំចូលផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារនានា។នេះបើតាមជំនួបពិភាក្សាការងាររវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Kim Moon Baik អនុប្រធានសមាគម Korean Senior Citizens Association of Cambodia  និងក្រុមហ៊ុនដៃគូសហការកូរ៉េ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ក្រុមហ៊ុនកូរ៉េបានបង្ហាញចំណាប់អារម្មណ៍ទៅលើផលិតផលសក្តានុពលរបស់កម្ពុជាមានដូចជា ម្រេច ស្វាយសម្ងួត ចេកឆាប ជាពិសេសល្ង (ប្រេងល្ង) វារីវប្បកម្ម ដើមគកែច្នៃ និងដើមកៅស៊ូកែច្នៃជាដើម។បន្ថែមពីលើនេះ ក្រុមហ៊ុនបានកោតសរសើរពីផលិតផលកសិកម្មកម្ពុជា ដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ធ្វើឱ្យប្រជាជនកូរ៉េចូលចិត្តបរិភោគ។ដោយមើលឃើញពីសក្តានុពលវិនិយោគទាំងនេះហើយ ក្រុមហ៊ុនមានបំណងមិនត្រឹមតែចង់នាំចូលទៅកាន់ទីផ្សារកូរ៉េប៉ុណ្ណោះទេ ថែមទាំងចង់ពង្រីកការនាំចូលផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងទីផ្សារចិនផងដែរ។

ក្នុងនោះដែរ លោក ប្រាក់ ដាវីដ ក៏បានណែនាំឱ្យក្រុមហ៊ុនបន្តការសិក្សា  និងវិភាគសេដ្ឋកិច្ច លើដំណាំកសិកម្ម មួយចំនួន ជាពិសេសដំណាំល្ង។បន្ទាប់ពីធ្វើការសាកល្បង  ប្រសិនបើជោគជ័យ និងមានផលចំណេញ សេដ្ឋកិច្ចខ្ពស់ជាងដំណាំផ្សេងៗ នោះក្រសួងកសិកម្ម នឹងបន្តធ្វើការសម្របសម្រួលបន្ថែមឱ្យគម្រោងនេះអាចផ្សារភ្ជាប់ជាមួយសហគមន៍កសិកម្មបែបថ្មីនៅកម្ពុជា។លើសពីនោះ ក្រសួងក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការស្វែងរកដៃគូដែលមានដីសមស្រប ដើម្បីអភិវឌ្ឍន៍គម្រោងកសិកម្មរបស់ខ្លួននៅកម្ពុជា៕