លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងការបើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៤ នេះថា «ប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការដោះដូរទំនិញ និងសេវា បរិយាបន្នហិរញ្ញវត្ថុ និងការលើកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលគាំទ្រដល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ការតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជា ជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ក៏ត្រូវបានពង្រឹងនិងពង្រីក ដែលបានចូលរួមលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស»។

លោកស្រី បានឱ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ហើយនៅក្នុងឆ្នាំនេះ ធនាគារជាតិនៃកម្ពុជានឹងតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន និងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់។ ការតភ្ជាប់នេះ នឹងបើកលទ្ធភាពឱ្យប្រជាជនកម្ពុជា អាចទូទាត់តាម ប្រព័ន្ធQR Code ចេញពីគណនីប្រាក់រៀលរបស់ខ្លួន នៅតាមបណ្តាហាងទំនិញរាប់លានកន្លែង ហើយក៏ផ្ដល់លទ្ធភាពឱ្យប្រជាជននៅក្នុងប្រទេស និងបណ្តាញដែលកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ អាចទូទាត់នៅកម្ពុជាបានដោយងាយស្រួល៕ តាកែវ