សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤% ដោយសារការកើនឡើងនៃវិស័យទេសចរណ៍ និងកម្មន្តសាល

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងពេលដែលភាពមិនប្រាកដប្រជានៅមានកម្រិតខ្ពស់នៅឡើយ ដោយសារហានិភ័យនៃការបន្តអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួន នៅឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងបន្តថមថយបន្តិចថែមទៀត ធៀបនឹងឆ្នាំ២០២៣ ខណៈនៅកម្ពុជា សេដ្ឋកិច្ចត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តងើបឡើង បន្ថែមទៀតក្នុងរង្វង់ ៦,៤%។នេះបើតាមធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តងើបឡើង បន្ថែមទៀតក្នុងរង្វង់ ៦,៤% គឺដោយសារការគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល។ក្នុងនោះ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើង ដោយសារភាពប្រសើរឡើងនៃស្ថានភាពទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រដល់វិស័យនេះ។

ចំណែកវិស័យកម្មន្តសាល តាមរយៈការអនុវត្តច្បាប់វិនិយោគថ្មី វិស័យកម្មន្តសាលត្រូវបានរំពឹងថានឹង សម្រេចបានកំណើនល្អជាងឆ្នាំ២០២៣ ជាពិសេស ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ហើយវិស័យកាត់ដេររំពឹងថានឹងងើបឡើងជាលំដាប់។

ទន្ទឹមនឹងការព្យាករដោយសុទិដ្ឋិនិយម សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួនផងដែរ ក្នុងនោះរួមមានកត្តាខាងក្រៅ និងកត្តាខាងក្នុង។កត្តាខាងក្រៅដូចជា កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូពាណិជ្ជកម្មចម្បងៗរបស់កម្ពុជា ដូចជា ចិន អាមេរិក និងអឺរ៉ុប ដែលអាចប៉ះពាល់ដល់លំហូរវិនិយោគ នាំចេញ និងទេសចរណ៍, ប្រក្រតីកម្មនយោបាយរូបិយវត្ថុនៃប្រទេសអភិវឌ្ឍន៍ធំៗប្រព្រឹត្តទៅយឺតជាង ការរំពឹងទុក ដែលអាចដាក់សម្ពាធលើការខ្ចីពីក្រៅប្រទេស និងអត្រាការប្រាក់នៅកម្ពុជា ,ការកើនឡើងនៃភាពតានតឹងនិងការបែងចែកភូមិសាស្ត្រនយោបាយពិភពលោក អាចរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្អាក់សន្ទុះកំណើនការនាំចេញនិងវិនិយោគ, កត្តាប្រែប្រួលអាកាសធាតុជាដើម។ចំណែកឯហានិភ័យខាងក្នុងរួមមាន ការកើនឡើងនៃឥណទានមិនដំណើរការ អាចបន្ថយកំណើនឥណទានសម្រាប់ ការប្រើប្រាស់និងការវិនិយោគ និងកំណើននៃវិស័យសំណង់និងអចលនទ្រព្យអាចបន្តមានកម្រិតទាប និងអាចមានឥទ្ធិពលបន្តលើវិស័យផ្សេងទៀត ដូចជាវិស័យធនាគារជាដើម៕