ក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ ពោលគិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុននាំចូលសាច់បង្កកពីខាងក្រៅ បានទទួលទិញសាច់ជ្រូកស្រស់នៅ ក្នុងស្រុកយកទៅកែច្នៃលក់បន្តមិនទាន់បានកើនឡើងដល់១០ក្បាលក្នុងមួយថ្ងៃនោះទេ បន្ទាប់ពីជួបពិភាក្សាជាមួយនៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វកាលពីថ្ងៃទី៩ ខែមករាកន្លងមក។
យោងតាមប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីជួបពិភាក្សាជាមួយគ្នានៅថ្ងៃទី៩ ខែមករា ដល់ថ្ងៃទី២៩នេះ ខាងក្រុមហ៊ុននាំចូលសាច់បង្កកទិញជ្រូកក្នុងស្រុកសម្រាប់កែច្នៃលក់បន្តមិនទាន់មានការកើនឡើងនោះទេ ដោយសារខាងក្រុមហ៊ុនធ្លាប់តែរកស៊ីលក់សាច់បង្កក។ ដូចនេះក្រុមហ៊ុនត្រូវការពេលវេលាដើម្បីស្គាល់ពីទីផ្សារ។
លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បញ្ជាក់ថា ក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ ក្រុមហ៊ុននាំចូលសាច់បង្កកពីខាងក្រៅ ទិញជ្រូកក្នុងស្រុកតាមរយៈការសម្របសម្រួលពីសមាគមនេះមិនទាន់បាន១០ក្បាលទេនៅក្នុងមួយថ្ងៃ ហើយតម្លៃជ្រូកឃើញថាបានងើបឡើងវិញបានខ្លះក្រោយពីមិនមានចំណាត់ការនាំចូលសាច់បង្កកពីខាងក្រៅបន្ថែម។
លោកបន្តថា «តម្លៃជ្រូករស់បានឡើងថ្លៃពី៦ពាន់រៀលដល់ប្រមាណ៨ពាន់រៀលក្នុងមួយគីឡូក្រាម ហើយបើក្រុមហ៊ុនលក់សាច់បង្កករបស់ខ្លួនអស់ តម្លៃវានឹងឡើងថ្លៃបន្ថែមទៀត ដោយសារពួកគាត់អត់បាននាំចូលបន្ថែម ព្រោះរាជរដ្ឋាភិបាលសម្រេចផ្អាកមិនឱ្យនាំចូលរយៈពេល៦ខែ»។
បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថាតម្លៃជ្រូកទោះបីបានឡើងដល់៨ពាន់រៀលក្នុងមួយគីឡូក្រាមមែន ប៉ុន្តែតម្លៃនេះវាមិនទាន់ជួយឱ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុករួចខ្លួនទេ បានត្រឹមតែធ្វើឱ្យកសិករខាតបង់ប្រាក់ច្រើនដូចពេលមុនៗ។
លោកលើកឡើងថា« នៅក្នុងរយៈពេល២ខែទៀត យើងក៏អត់ទាន់ហ៊ានធ្វើការប៉ាន់ស្មានថាតម្លៃជ្រូករស់អាចឡើងថ្លៃបានប៉ុន្មានដែរ ប៉ុន្តែតម្លៃយើងសង្កេតឃើញថាចាប់ផ្តើមល្អប្រសើរមកវិញ មិនធ្វើឱ្យកសិករខាងបង់ប្រាក់ច្រើនដូចពេលមុនពេកទេ ដោយសារស្តុកសាច់ចាស់របស់គាត់នៅមានចំនួនច្រើន។ តែយើងសង្ឃឹមថាចំណាត់ការរបស់រាជរដ្ឋាភិបាលនឹងជួយ ឱ្យកសិករអាចលក់ជ្រូករបស់ខ្លួនបានដល់ថ្លៃដើមផលិត មិនឱ្យខាតបង់ទៀតទេ»៕ តាកែវ