លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា បច្ចុប្បន្នអគារផ្អាកដំណើរការសាងសង់នៅខេត្តព្រះសីហនុមានចំនួន ៣៦២ អាគារ ហើយត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១១៦១ លានដុល្លារដើម្បីបញ្ចប់ការសាងសង់។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុមានសម្ទុះកើនឡើងយ៉ាងគំហុក ជាពិសេស មានការរីកដុះដាលយ៉ាងលឿនក្នុងចំនួនដ៏ច្រើននូវសំណង់អគារ។ ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ២០១៩តមកទៀតការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បញ្ហាប្រឈមជាសកលផ្សេងទៀតបានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬបញ្ឈប់ដំណើរការសាងសង់។
លោកថ្លែងថា បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់នៅខេត្តព្រះសីហនុមានចំនួន ៣៦២ អាគារដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១១៦១ លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់, ខណៈអគារដែលត្រូវបានសាងសង់រួច, ប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់មានចំនួន ១៧៦ ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នាព្រឹកនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។
ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្រ្តី បានប្រកាសយកឆ្នាំ២០២៤ ជាឆ្នាំជំរុញសកម្មភាពងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈសន្ទុះនៃសេដ្ឋកិច្ចពិភពលោក កំពុងកើនឡើង៕