គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ និងផ្លូវតភ្ជាប់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការ ដែលដឹកនាំដោយលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែមករានេះ បានឱ្យដឹងថា ក្រសួងសាធារណការ នឹងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ នាថ្ងៃទី១៩ កុម្ភៈ ២០២៤ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមជម្រាបថា គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា ស្ថិតនៅចន្លោះស្ពានមុនីវង្ស និងស្ពានព្រែកសំរោង ដោយរដ្ឋបានពិចារណា ២ ទីតាំង។ដោយគម្រោងទី១ តភ្ជាប់ត្រង់ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម និងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា។ ស្ពាននេះ ចាប់បន្តពីមហាវិថីអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវទទឹង៧ម៉ែត្រ ជាប់ខាងជើងវត្តចាក់អង្រែក្រោម ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ គម្រោងផ្លូវ៣០-៥០ម៉ែត្រ មានប្រវែងសរុបប្រមាណ ៨៨៧ម៉ែត្រ។
ចំណែកគម្រោងទី២ តភ្ជាប់ត្រង់ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម និងភូមិអូអណ្តូង សង្កាត់ព្រែកប្រា ហើយត្រូវស្ថាបនាបន្ចាប់តពីគម្រោងផ្លូវ ៥០-៦០ម៉ែត្រ ផ្លូវអ្នកឧកញ៉ា ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ទៅគ្រោងផ្លូវ៥០-៦០ម៉ែត្រ ដែលមានប្រវែង៩០០ម៉ែត្រ។
គម្រោងស្ពានព្រែកប្រា-ចាក់អង្រែក្រោម ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរដ្ឋាភិបាលចិន។ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅផងដែរ៕