តម្លៃស្រូវនៅតែល្អសម្រាប់កសិករ ទោះជាមានការធ្លាក់ចុះបន្តិចនៅចុងខែមករា

សង្គម​ និង​សេដ្ឋកិច្ច

ដើមឆ្នាំ២០២៤ តម្លៃស្រូវនៅតែមានតម្លៃល្អប្រសើរសម្រាប់ប្រជាកសិករ ជាក់ស្តែងនៅខែមករា តម្លៃស្រូវស្ថិតនៅលើតម្លៃ១១០០រៀលក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី៣០ ខែមករាថា តម្លៃស្រូវនៅតែល្អសម្រាប់កសិករ ទោះជាមានការធ្លាក់ចុះបន្តិចក្នុងចុងខែមករា ឆ្នាំ២០២៤ បើធៀបនឹងដើមខែ។

បើតាមរបាយការណ៍ប្រៀបធៀបតម្លៃស្រូវក្នុងខែមករា ឆ្នាំ២០២២, ២០២៣, និង២០២៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញឱ្យដឹងថា ប្រភេទស្រូវ IR ឆ្នាំ២០២២ មានតម្លៃ ៨១៨រៀល ក្នុងមួយគីឡូក្រាម, ស្រូវសែនក្រអូប មានតម្លៃ ១០២០រៀល និងប្រភេទស្រូវ OM5451 មានតម្លៃ ៨២០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកឆ្នាំ២០២៣ ប្រភេទស្រូវ IR មានតម្លៃ ១០១០រៀល , ស្រូវសែនក្រអូប ១១៨០រៀល ក្នុងមួយគីឡូក្រាម និងស្រូវ OM5451 មានតម្លៃ ១០១០រៀល។សម្រាប់ឆ្នាំ២០២៤ ប្រភេទស្រូវ IR មានតម្លៃ ១២៣០រៀល, ស្រូវសែនក្រអូប តម្លៃ១២០០រៀល និងប្រភេទស្រូវ OM5451 មានតម្លៃ ១១២០រៀល ក្នុងមួយគីឡូក្រាម។

ពាក់ព័ន្ធនឹងតម្លៃស្រូវនេះលោក វី ឡៃ ឈ្មួញទិញស្រូវពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានឱ្យដឹងផងដែរថា នៅខែមករា ដើមឆ្នាំ២០២៣នេះ តម្លៃស្រូវមានការប្រែប្រួលតិចតួច កាលពីចុងឆ្នាំ ២០២៣ ស្រូវមួយគីឡូតម្លៃ១៣០០រៀល ប៉ុន្តែបច្ចុប្បន្នតម្លៃចន្លោះពី១១៧០រៀលទៅ ១២០០រៀលក្នុងមួយគីឡូក្រាម ទៅតាមប្រភេទស្រូវ។លោកបន្តថា តម្លៃស្រូវចុះថ្លៃនេះ ដោយសារអង្ករក៏ចុះថ្លៃផងដែរ។ចំណែកការនាំចេញស្រូវវិញមិនមានជាបញ្ហាចោទនោះទេ ពោលនៅតែមានទីផ្សារល្អទាំងនៅតាមរោងម៉ាស៊ីនក្នុងស្រុក និងការនាំចេញទៅក្រៅស្រុកដូចជាប្រទេសវៀតណាមជាដើម៕