កម្ពុជា ដាក់ដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីពង្រឹងជំនាញឱ្យ​ចំ​តម្រូវ​ការវិស័យឯកជន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច បានប្រកាសដាក់សម្ពោធជាផ្លូវការ «មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)» ដើម្បីចូលរួមដោះ​ស្រាយ​បញ្ហាកង្វះខាតកម្លាំងពលកម្មជំនាញនៅកម្ពុជា ពិសេសឈានទៅពង្រឹងជំនាញឱ្យ​ត្រូវនឹង​តម្រូវ​ការ​វិស័យ​ឯកជននៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី​៣១ ខែ មករា ឆ្នាំ ២០២៤ បានឱ្យដឹងថា «មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ត្រូវបានសម្ពោធដាក់​ដំណើរការ បានសម្ពោធជាផ្លូវការក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍ​អាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា” ដោយមានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,អ្នកឧកញ៉ា, លោកឧកញ៉ា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ​របស់​រដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៏, វិស័យឯកជន, និងគ្រឹះស្ថានបណ្តុះបណ្តាល។

ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង​ប្រកាសជាផ្លូវការ​អំពីការ​ប្រែ​ក្លាយ​​គម្រោងសាកល្បងយន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ជំនាញទៅជាស្ថាប័នអចិន្រ្តៃយ៍ (Trust Fund) និងការបង្ហាញពីសមិទ្ធផល និងកម្មវិធីថ្មីៗរបស់មូលនិធិអភិវឌ្ឍន៍ជំនាញក្នុងគោលដៅពង្រឹង និងពង្រីកការ​អភិវឌ្ឍ​ជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ព្រមទាំងការចុះអនុស្សរណៈយោគ​យល់គ្នា​ជាមួយ​ដៃគូ​យុទ្ធសាស្រ្ត និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញ។

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមាន​លក្ខណៈ​នវានុវត្តន៍ ដើម្បីកៀរគរ, គ្រប់គ្រង និងបែងចែកធនធាន ក្នុងគោលដៅពង្រឹង និងពង្រីក​ការអភិវឌ្ឍ​ជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។

ជាងនេះទៀត គម្រោងមូលនិធិអភិវឌ្ឍន៍​ជំនាញ ក៏ចូលរួមដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មជំនាញ​នៅកម្ពុជា តាមរយៈការផ្តល់​សហហិរញ្ញប្បទាន ដែលមានលក្ខណៈនវានុវត្តន៍ដល់គម្រោងបណ្តុះបណ្តាល ដែល ត្រូវនឹងតម្រូវការ​ឧស្សាហកម្ម (Demand-driven Skills Development) ដោយឈរលើ​គោលការណ៍​ ប្រកួតប្រជែង​ទាំង​គុណ​ភាព និងថ្លៃបណ្តុះបណ្តាល។

ជាលទ្ធផលក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២៣ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានគាំទ្រថវិកាលើ “កម្មវិធីបណ្ដុះបណ្ដាលជំនាញ រួមគ្នា (Joint-Training Program), កម្មវិធីឆ្លើយ​តប​ជំងឺកូវីដ-១៩ (Covid-19 Response Program) និង កម្មវិធីជាមួយសាលា (Program with School)” ដែលមានថ្លៃបណ្តុះបណ្តាល ៨.៣ លានដុល្លារ សហរដ្ឋអាម៉េរិក (ឬ ៤៨% នៃថ្លៃបណ្តុះបណ្តាលសរុប ១៧.២ លានដុល្លារ សហរដ្ឋអាម៉េរិក) ។ ក្នុងនោះមានគម្រោងចំនួន ១២១ និង សិក្ខាកាមចំនួន ១៦,០៧៥នាក់ (ស្រ្ដី = ៣៥%) ដោយបានសហការជាមួយដៃគូចំនួន ៣៥៧ ស្ថាប័ន ក្នុងនោះរួមមាន៖ រោងចក្រ-សហគ្រាសចំនួន ២៩៧, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៤៤ និង សមាគមធុរកិច្ចចំនួន ១៦ ។

ហើយនៅក្នុងឆ្នាំ២០២៤, SDF នឹងមានកម្មវិធីបណ្តុះបណ្តាលថ្មីៗបន្ថែមចំនួន ២ គឺកម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program) និងថ្នាលនៃភាពជាដៃគូ (Partnership Platform) ដើម្បីពង្រីកបរិមាណ និង​លើក​កម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញឱ្យស្របទៅនឹងតម្រូវការរបស់វិស័យឯកជន ព្រមទាំងរៀបចំ​ថ្នាលបច្ចេកវិទ្យាថ្មីដែលនឹងបង្កើនប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងតួអង្គសំខាន់ៗ ក្នុងប្រព័ន្ធអេកូឡូស៊ី​ជំនាញ។

បន្ថែមពីនេះ នាឱកាសសម្ពោធនោះ ពិធីចុះអនុស្សរណៈយោគយល់គ្នាចំនួនបី ត្រូវបានរៀបចំឡើង ដែលក្នុងនោះរួមមាន ជាមួយ​សភាពាណិជ្ជកម្មកម្ពុជា (CCC), សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) និង ជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) នៃក្រសួង ទេសចរណ៍ និង SwissContact និងប្រគល់ពានរង្វាន់ដល់ដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញ។

ជាមួយគ្នានេះផងដែរ លោក អូន ព័នមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ អនុសាសន៍​ណែនាំ​ដល់ក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសមត្ថកិច្ច​ពាក់ព័ន្ធ​នឹងការអភិវឌ្ឍជំនាញ ក្នុងការ ចូលរួម និងសហការឱ្យអស់ពីលទ្ធភាព ដើម្បីជាកម្លាំងចលកររួមដ៏ធំមួយ ដើម្បី​សម្រេចបានការអភិវឌ្ឍ​មូលធន​មនុស្សកម្ពុជា​ប្រកប ដោយចំណេះ, ជំនាញ, សមត្ថភាព, ឥរិយាបថ, និងក្រម​សីល​ធម៌វិជ្ជាជីវៈ ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ រង្សី