សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលបណ្តុំដោយក្រុមហ៊ុនធំៗជាច្រើនបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។ ការលើកឡើងពីបណ្តារក្រុមហ៊ុនធំៗរបស់ជប៉ុន ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Yoshihisa Suzuki បានគូសបញ្ជាក់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ក្នុងការគាំទ្រ ជានិច្ចចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកក្នុងការស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថា ផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលមានបំណងចង់ពង្រីកនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត ខណៈសម្តេច ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន។
លើសពីនេះ សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននេះ នឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀត។
សូមជម្រាបថា បច្ចុប្បន្នសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន គឺជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ។
ដោយឡែកចំពោះ សកម្មភាពវិនិយោគដែលមានស្រាប់នៅកម្ពុជា គឺបានផ្តោតលេីវិស័យវាយនភ័ណ្ឌ ការផ្គត់ផ្គង់ឧស្ម័ននិងលេីវិស័យកសិកម្ម ដែលផ្តោតសំខាន់លេី ដំណាំល្ងជាដើម៕ អត្ថបទ៖ រង្សី