សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចូលគាល់ព្រះមហាក្សត្រថៃ នាថ្ងៃសប្តាហ៍នេះ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃរយៈពេល១ថ្ងៃ​​ គឺថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញពីនាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថវីស៊ីន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទេសនិងសហប្រតិបត្តិអន្តរជាតិកម្ពុជា ដំណើរទស្សនកិច្ចសម្តេចធិបតីទៅប្រទេសថៃអមដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងវិស័យឯកជន ហើយក្នុងអំឡុងសម្តេចធិបតីនាយករដ្ឋមន្រ្តីនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រថៃ ព្រះមហាវ៉ាជីរ៉ាឡុងកន នៅព្រះបរមរាជវាំង។

ក្រៅពីនេះសម្តេចធិបតីនឹងជួបដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរួមមាន៖ ប្រធានព្រឹទ្ធសភានិងប្រធានរដ្ឋសភា។ បន្ទាប់មកទៀត សម្តេចធិបតីជួបពិភាក្សាការងារជាមួយលោក សេដ្ឋា ថាវីស៊ីន លើកិច្ចសហប្រតិបត្តការទ្វេភាគី និងពហុភាគីដែលផ្តល់ផលប្រយោជន៍រួមទៅវិញទៅមក។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរក៏នឹងធ្វើជាអធិបតីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ជាមួយគ្នានោះសម្តេចធិបតីនាយករដ្ឋមន្រ្តីក៏នឹងថ្លែងសន្ទរកឋាបើកវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីទៅកាន់ប្រទេសថៃនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃ«ការព្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕