នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំប្រពៃណីចិននឹងមកដល់។ ស្របពេលជាមួយគ្នានេះបងប្អូនប្រជាជនចិន ក៏ដូចជាប្រជាជនខ្មែរដែលជាប់សែស្រឡាយចិនចាប់ផ្តើមកម្មង់ទិញជ្រូកខ្វៃជាហូហែរ ខណៈអ្នកលក់ជ្រូកខ្វៃបានលើកឡើងថា តម្លៃជ្រូកខ្វៃក្នុងរដូវបុណ្យចូលឆ្នាំចិនឆ្នាំនេះ មានតម្លៃធូរថ្លៃជាងឆ្នាំមុន។

លោក ទឹង ងួនហួត ម្ចាស់សិប្បកម្មជ្រូកខ្វៃមួយកន្លែងនៅផ្សារដើមគរ បានឱ្យដឹងថាតម្រូវការជ្រូកខ្វៃរបស់អតិថិជនក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំ១០២៤នេះ មានភាពប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំ២០២៣ដែរ ដោយគិតមកដល់ថ្ងៃទី០៧ លោកទទួលការកម្មង់បានប្រមាណជាង២០០ក្បាល។ហើយការកម្មង់របស់ភ្ញៀវចាប់តាំងពី៥ទៅ៦ថ្ងៃមុនមកម្ល៉េះ។
លោកបន្តថា ចំពោះតម្លៃជ្រូកខ្វៃនៅឆ្នាំនេះវិញមានតម្លៃធូថ្លៃជាងឆ្នាំមុន ដោយសារឆ្នាំនេះជ្រូកទិញមកធូរថ្លៃ ដូច្នេះយើងលក់វិញក៏ធូថ្លៃដែរ។កាលពីចូលឆ្នាំចិន២០២៣ ជ្រូកទម្ងន់១០គីឡូ តម្លៃ៨០ម៉ឺនរៀល ប៉ុន្តែឆ្នាំនេះមានតម្លៃត្រឹមតែ៧០ម៉ឺនរៀលប៉ុណ្ណោះ។ចំណែកជ្រូកតូចទម្ងន់៤គីឡូក្រាម មានតម្លៃ១០០ដុល្លារក្នុងមួយក្បាល និងទម្ងន់២០គីឡូមានតម្លៃ២៥០ដុល្លារ។

ចំណែកលោក ឡាវ ឈុននាង ម្ចាស់សិប្បកម្មជ្រូកខ្វៃឡុងបុផាភ្នំពេញ បានឱ្យដឹងផងដែរថា ចូលឆ្នាំចិនឆ្នាំនេះអតិថិជនកម្មង់មានការថយចុះបន្តិចជាងឆ្នាំមុន ដោយកាលពីឆ្នាំមុនមានការកម្មង់ចាប់ពី២០០ទៅ៣០០ ក្បាល តែសម្រាប់ឆ្នាំនេះបើគិតមកដល់ថ្ងៃទី០៧ បានត្រឹមតែជិត២០០ក្បាលប៉ុណ្ណោះ។
បើតាមលោក ឈុននាង បញ្ហាថយចុះភ្ញៀវនេះ លោកគិតថាដោយសារអ្នកលក់ជ្រូកខ្វៃមានការកើនឡើងច្រើន អីចឹងទៅការកម្មង់មានការបែងចែកទៅតាមគេខ្លះ ខាងយើងខ្លះ។
ម្ចាស់សិប្បកម្មរូបនេះបន្តថា ចំពោះតម្លៃជ្រូកឆ្នាំ២០២៤នេះរាងធូរជាងឆ្នាំ២០២៣ ធ្វើឱ្យខាងសិប្បកម្មខ្វៃជ្រូកក៏ធូរថ្លែតាមហ្នឹងដែរ។ដោយខាងសិប្បកម្មលោកផ្ទាល់សម្រាប់ថ្ងៃធម្មតាជ្រូកខ្វៃទម្ងន់៦គីឡូ តម្លៃ៤៥ម៉ឺនរៀល, ទម្ងន់៨គីឡូ តម្លៃ៥០ម៉ឺនរៀល, ទម្ងន់១២គីឡូ តម្លៃ៦០ម៉ឺនរៀល តែសម្រាប់ថ្ងៃបុណ្យឆ្នាំចិនជ្រូកដែលទិញមកក៏ឡើងដែរតែក៏នៅធូថ្លៃ អាចលក់បានតម្លៃ៦០ម៉ឺនរៀល សម្រាប់ជ្រូកទម្ងន់៦គីឡូ, តម្លៃ៧០ម៉ឺនរៀល សម្រាប់ជ្រូកទម្ងន់៨គីឡូ និងជ្រូក១២គីឡូ តម្លៃ៧៥ម៉ឺនរៀល។តម្លៃនេះបើធៀបនឹងឆ្នាំ២០២៤ ថយចុះប្រហែល៥ម៉ឺនរៀល នៅក្នុងមួយក្បាល៕





