សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រើពេល ៩ម៉ោងពិភាក្សាលើរឿង៣ចំណុចសំខាន់ជាមួយនាយករដ្ឋមន្រ្តីថៃ

សង្គម​ និង​សេដ្ឋកិច្ច

លទ្ធផលផ្លែផ្កាដំណើរទស្សនកិច្ចសម្តេចធិបតីទៅកាន់ទីក្រុងបាងកក មានរឿងវ៉ាវជាច្រើនដែលសម្រេចបាន។ លើសពីនេះសម្តេចធិបតីក៏បានគូសបញ្ជាក់នូវកិច្ចពិភាក្សាចំនួន ៣ ដែលជាចំណុចសំខាន់នៃជំនួបសម្តេចជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨កុម្ភៈនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ទស្សនកិច្ចនៅថៃ ៩ ម៉ោង ខ្ញុំ (សម្ដេចធិបតីនាយករដ្ឋមន្ត្រី) និងនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាទៅលើ ៣ ចំណុចជាសំខាន់ ក្នុងនោះទី១ គឺនយោបាយការទូត។ ចំណុចនេះភាគីកម្ពុជា-ថៃ បានព្រមព្រៀងបង្កើនកម្រិតទំនាក់ទំនងប្រទេសទាំងពីរ ដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ។ ទី២ ពិភាក្សាលើទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសពិភាក្សាលើការបង្កើនការវិនិយោគនៅកម្ពុជា។ ទី៣ ពិភាក្សាពីការបង្កើនទីផ្សារការងារសម្រាប់ពលករ កម្ពុជានៅថៃ»។

សូមជម្រាបកាលពីថ្ងៃទី៧ ខែកុម្ភៈម្សិលមិញសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញបេសកកម្មការងារផ្លូវការនៅប្រទេសថៃរយៈពេលពេញមួយថ្ងៃ តបតាមការអញ្ជើញពីនាយករដ្ឋមន្រ្តី លោក​ សេដ្ឋា ថាវីស៊ីន។

អំឡុងបំពេញបេសកម្មការទូតនៅក្រុងបាងកក សម្តេចធិបតីជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីថៃ, ប្រធានព្រឹទ្ធសភាថៃ, ប្រធានរដ្ឋសភាថៃ និងចូលរួមអធិបតីចុះហត្ថលេខាលើអនុស្សារណៈចំនួន៥ រវាងរដ្ឋាភិបាលកម្ពុជា-ថៃ ព្រមទាំងវិស័យឯកជននៃប្រទេសទាំងពីរ និងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ថៃ។

ចប់រៀបវារៈខាងលើ នៅពេលល្ងាចថ្ងៃដដែល សម្តេចធិបតីនាយករដ្ឋមន្រ្តី និងស្រ្តីទី១កម្ពុជា គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រថៃ ព្រះមហាវ៉ាជីរ៉ាឡុងកន មុនមាតុភូមិវត្តន៍មកកាន់កម្ពុជាវិញនៅពេលរាត្រី៕