ADB៖ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១.៥លាននាក់របស់កម្ពុជា ជាឱកាសគន្លឹះសម្រាប់ទាក់ទាញវិនិយោគិនបរទេស

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋាភិបាលអាណត្តិទី៧ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសអនុវត្តន៍​កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួ​សា​រ​ងាយរងគ្រោះ។ សម្រាប់កម្មវិធីនេះមានយុវជ​នមកពីគ្រួសារក្រីក្រប្រមាណ១,៥លាននាក់នឹងទទួលបានការចូលរៀនដោយឥតគិតថ្លៃ ព្រមទាំងបា​ន​ប្រាក់ឧបត្ថម្ភប្រចាំខែពីរដ្ឋក្នុងមួយខែចំនួន ២៨ម៉ឺនរៀលផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការដាក់ឲ្យអនុវត្តកម្មវិធីនយោបាយចំនួន២ខាងលើរបស់រាជរដ្ឋាភិបាល នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ក្នុងជំនួបកាលពីថ្ងៃទី៦ ខែកុម្ភៈ លោកស្រី Rachel Thompson នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាល នៃធនគារអភិវឌ្ឍន៍អាស៊ី (ADB) បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។

ទន្ទឹមនឹងនោះ លោកស្រីសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេសដល់យុវជន គឺជាឱកាសគន្លឹះសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងទាក់ទាញអ្នកវិនិយោគដែលកំពុងសម្លឹងមកកាន់តំបន់អាស៊ីអាគ្នេយ៍។ 

ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ប្រាប់រដ្ឋមន្ត្រីក្រសួងការងារថា «ធនាគារអភិវឌ្ឍអាស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសកម្មភាពជួយជ្រោមជ្រែងក្រសួងការងារ លើផែនការអាទិភាពរបស់ខ្លួនដើម្បីបន្តលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរថែមទៀត»

ក្រសួងការងារ បានឲ្យដឹងថា ផែនការយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រឱ្យស្របទៅតាមបំណងដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល ដែលចង់ឃើញយុវជនកម្ពុជាដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់ មានជំនាញជាក់លាក់ស្របតាមស្តង់ដាដែលមានគុណវុឌ្ឍិនៃការបណ្តុះបណ្តាលច្បាស់លាស់ដែលជាកត្តាធ្វើឱ្យសិក្ខាកាម ទទួលបាននូវការងារសមរម្យ ដើម្បីលើកស្ទួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ៕