រាល់ចំណុចខ្វះខាតអសកម្ម ដែលកើតមាននៅតាមបណ្ដាអាកាសយានដ្ឋានអន្ដរជាតិទាំងអស់លោក នេត សាវឿន បញ្ជាឲ្យធ្វើការកែប្រែបន្ទាន់

សង្គម​ និង​សេដ្ឋកិច្ច

លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា បានលើកឡើងថា រាល់ចំណុចខ្វះខាតអសកម្ម ដែលកើតមាននៅតាមបណ្ដាអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ ត្រូវតែធ្វើការកែប្រែបន្ទាន់ ហើយឈានទៅលុបបំបាត់ចោលទាំងស្រុង ដើម្បីស្របតាមឆន្ទៈរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា កាលថ្ងៃទី០៨ ខែកុម្ភៈ លោក នេត សាវឿន បានថ្លែងថា៖ «ត្រូវបន្ដធានានិរន្តរ៍ភាពបញ្ហាសន្ដិសុខចាប់ពីម៉ោងនេះទៅ មិនមែនធ្វើផែនការហើយបានធានានោះទេ អញ្ចឹងសុំឲ្យប្រធានស្ថាប័ន ប្រធានអង្គភាព ដែលមានកម្លាំងក្នុងព្រលានយន្ដហោះសូមជួយចុះទៅពិនិត្យ ហើយជួយធ្វើផែនការគិតគូរពីកម្លាំង និងសម្ភារៈ។ នេះជាការទទួលខុសត្រូវរបស់គណៈកម្មាធិការយើង ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជារឿងធំបំផុត»។

ក្នុងន័យនេះ លោកបានណែនាំដល់គ្រប់បណ្ដាប្រធានអង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាពឡើងវិញ ពោលធ្វើយ៉ាងណាដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ឲ្យខាងតែបាន ពិសេសអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា។

ដោយឡែក សម្រាប់កិច្ចការងារបច្ចេកទេស និងការសម្របសម្រួលជាមួយម្ចាស់ទុន លោក នេត សាវឿន បានប្រគល់ភារកិច្ចជូន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអ្នកទទួលខុសត្រូវក្នុងការអនុវត្ត។ សម្រាប់ផែនការយុទ្ធសាស្ដ្ររយៈពេលវែងវិញ ត្រូវប្រគល់ជូនលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម។

បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ឲ្យគ្រប់អង្គភាពទាំងអស់ ត្រូវកសាងផែនការសកម្មភាព, កំណត់ស្ដង់ដារ SOP និងជំរុញសេវាឲ្យបានរហ័សល្អ ដើម្បីលើកមុខមាត់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះលោកយល់ឃើញថា ទីតាំងអាកាសយានដ្ឋានអន្ដរជាតិ ជាកន្លែងដំបូងគេដែលទទួលអ្នកវិនិយោគ និងភ្ញៀវទេសចរ។

គួរម្លឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លងទៅ បានចេញអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃអាកាសចរណ៍ស៊ីវិល ការពារសន្តិសុខ និងសុវត្ថិភាពដល់អ្នកដំណើរ ក្រុមអាកាសយានិក បុគ្គលិកបម្រើការងារលើផ្ទៃដី សាធារណជនទូទៅ អាកាសយាន អាកាសយានដ្ឋានអន្តរជាតិ អាកាសយានដ្ឋានមូលដ្ឋាន និងឋបនីយភណ្ឌអាកាសយានដ្ឋាន ព្រមទាំងប្រឆាំង នឹងអំពើរំលោភបំពានច្បាប់នៅលើផ្ទៃដីដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពអាកាសចរណ៍ស៊ីវិល និងពេលកំពុងហោះហើរ៕