រយៈពេល២ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម មាននាវាទេសចរណ៍ខ្នាតធំៗចំនួន៣គ្រឿង ដឹកភ្ញៀវទេសចរណ៍ និងនាវិកសរុបប្រមាណ ១១.០៦៦នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដើរកម្សាន្តនៅតាមគោលដៅសំខាន់ៗមួយចំនួននៅប្រទេសកម្ពុជា ដូចជាខេត្តព្រះសីហនុ ភ្នំពេញ, សៀមរាប, កំពត, កែប និងកំពង់ស្ពឺ។

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ មាននាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមាននាវិក និងភ្ញៀវទេសចរសរុបចំនួន ៩៨៥នាក់ មាន ២៨សញ្ជាតិ។ ក្នុងនោះសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺ អាមេរិក និងអង់គ្លេស ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ ក្នុងខេត្តព្រះសីហនុ និងទៅទស្សនាប្រាសាទអង្គរវត្ត។ នាវានេះចាកចេញទៅវិញនៅថ្ងៃខែឆ្នាំដដែលឆ្ពោះទៅប្រទេសវៀតណាម។
ដោយឡែកនៅថ្ងៃទី១០ខែកុម្ភៈ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះRIVIERA សញ្ជាតិ MARSHALL ISLAND មកពីប្រទេសវៀតណាម ក៏បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយមានភ្ញៀវទេសចរ សរុប ១១៨៣នាក់ មាន៣៤សញ្ជាតិ និងនាវិកចំនួន ៧៦៤នាក់ចំនួន ៤៤សញ្ជាតិ ភ្ញៀវទេសចរភាគច្រើនជាងគេ ជនជាតិអាមេរិក និងកាណាដា គោលដៅភ្ញៀវទេសចរទៅទស្សនាមានតំបន់ឆ្នេរ វត្តអារាមនិងផ្សារនៅក្រុងព្រះសីហនុ ភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺជាដើម។ នាវាទេសចរណ៍នេះនឹងចាកចេញវិញនៅថ្ងៃខែឆ្នាំដដែល។

នៅថ្ងៃទី១០ខែកុម្ភៈដដែល មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ AIDABELLA សញ្ជាតិ ITALY មកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ មានភ្ញៀវទេសចរ សរុប ១៩៧៦នាក់ មាន២០សញ្ជាតិ និងនាវិកចំនួន ៦២៥នាក់ មានចំនួន ២៨សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជាងគេ ជនជាតិអាល្លឺម៉ង និងអូទ្រីស ហើយគោលដៅភ្ញៀវទេសចរទៅទស្សនាមានតំបន់ឆ្នេរ វត្តអារាមនិងផ្សារនៅក្រុងព្រះសីហនុ ភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺជាដើម។ នាវាទេសចរណ៍នេះនឹងចាកចេញពីកម្ពុជានៅថ្ងៃខែឆ្នាំដដែល។

ទន្ទឹមនឹងដំណើរទេសចរណ៍ហូរចូលតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅពេលនេះ មន្ទីរទេសចរណ៍ខេត្ត បានស្នើឲ្យអាជីវករចូលរួមផ្ដល់សេវាកម្មឲ្យបានល្អ និងតម្លៃសមរម្យដើម្បីឲ្យភ្ញៀវទេសចរមកកម្សាន្ដប្រកបដោយភាពរីករាយ នឹងត្រឡប់មកលេងកម្សាន្ដនៅពេលក្រោយទៀត។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ ក៏បានអំពាវនាវភ្ញៀវទេសចរដែលបានដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានា ចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវផងដែរ៕
