សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចំណារយល់ព្រមដាក់ឈ្មោះស្ពានអាកាសថ្មីដែលក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ កំពុងស្ថាបនាត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ៦០ម៉ែត្រ មហាវិថីព្រះមុនីង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ដោយប្រសិទ្ធនាមជា «ស្ពានអាកាស មរតកតេជោ»។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីប្រាប់ទៅអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា រាជរដ្ឋាភិបាលយល់ព្រមឲ្យប្រសិទ្ធនាមស្ពានអាកាសត្រង់ចំណុចប្រសព្វរវាងសម្តេចតេជោ ហ៊ុន សែន ៦០ម៉ែត្រ មហាវិថីព្រះមុនីង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជា «ស្ពានអាកាស មរតកតេជោ»។

សូមជម្រាបជូនថា ក្នុងពិធីតភ្ជាប់ស្ពានអាកាសថ្មីនេះ កាលថ្ងៃទី២៩ ខែមករាកន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហើបពីការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រសិទ្ធនាមស្ពាអាកាសនេះ ជា«ស្ពានអាកាសមរតកតេជោ»។
មន្ទីរសាធារណការ និងដឹកជញ្ជួនក្រុងភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាសមរតកតេជោ តភ្ជាប់មហាវិថី ព្រះមុនីវង្ស និងមហាវិថី សម្តេចតេជោ ហ៊ុន សែន (ស្ពានអាកាសមេផ្នែកខាងលើ) សម្រេចបានលទ្ធផល ៨០%ហើយ នៅដើមខែមេសាខាងមុខនេះមុនពិធីបុណ្យចូលថ្មីប្រពៃណីខ្មែរ រាជរដ្ឋាភិបាលនឹងបើកឲ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កាត់បន្ថយបាននូវការកកស្ទះចរារចរ។
គម្រោងសាងសង់ស្ពានអាកាសទី៨នេះ ដែលនឹងប្រសិទ្ធនាម «ស្ពានអាកាសមរតកតេជោ» ស្ថាបនាដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕
