នាពិធីបុណ្យចូលឆ្នាំថ្មីចិន-វៀតណាម មានភ្ញៀវទេសចររហូតជាង១១ម៉ឺននាក់ បានទៅទស្សនាកម្សាន្តក្នុងខេត្តសៀមរាប។នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងបន្តថា ក្នុងឱកាសបុណ្យចូលឆ្មាំថ្មីប្រពៃណីជនជាតិចិន – វៀតណាម ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនពលរដ្ឋរស់នៅក្នុងខេត្ត បានដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ចំនួន ១១៧ ៦៧៧ នាក់ កើនឡើងចំនួន ១១,៥៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១០៥ ៤៨១នាក់ ។
មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានបញ្ជាក់បន្ថែមដែរថា ក្នុងចំណោមចំនួនភ្ញៀវទេសចរទាំងអស់នេះ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៩៩ ៦០០ នាក់ កើន ឡើងចំនួន ១០,៦៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩ពាន់ នាក់ , ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៨ ០៧៧ នាក់ កើនឡើងចំនួន ១៦, ៧៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានចំនួន ១៥ ៤៨១ នាក់។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម បានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕