ក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន៣ថ្ងៃ ភ្ញៀវទេសចរចេញដើរលេងជាង១លាននាក់ទូទាំងប្រទេស ក្នុងនោះមានខេត្តចំនួន៥ ទាក់ទាញបានភ្ញៀវទេសចរបានច្រើនច្រើនជាងគេ។
ក្រសួងបានឱ្យដឹងបន្តថា រយៈពេល៣ថ្ងៃនៃឱកាសពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ១,០៥១,៤៧២នាក់ ក្នុងនោះទេសចរជាតិ ៩៩៣,៩៩១នាក់ ទេសចរបរទេស ៥៧,៤៨១នាក់។
របាយការណ៍ដដែលក៏បានបញ្ជាក់ពីរាជធានី-ខេត្ត ដែលទាក់ទាញ់ទេសចរច្រើនជាងគេទាំង៥ រួមមាន៖ខេត្តព្រះសីហនុ មានទេសចរជាតិ៖ ២៨២,៣៩៦នាក់ និងទេសចរបរទេស៖ ១១,៩០៥នាក់,ខេត្តសៀមរាប មានទេសចរជាតិចំនួន ៩៩,៦០០នាក់ និងទេសចរបរទេសចំនួន ១៨,០៧៧នាក់,ខេត្តបាត់ដំបង មានទេសចរជាតិចំនួន ៨៨,៥៧២នាក់ និងទេសចរបរទេស៖ ៨៧៤នាក់, ខេត្តប៉ៃលិន មានទេសចរជាតិចំនួន ៧៩,៤២៥នាក់ និងទេសចរបរទេសចំនួន ២៦៨នាក់ និងខេត្តកែប មានទេសចរជាតិចំនួន ៧២.៤៩៤នាក់ និង ទេសចរបរទេសចំនួន ៦៥១នាក់។
ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សេវាកម្មក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៤នេះ គឺប្រព្រឹត្តទៅដោយល្អប្រសើរ ពោលមិនមានបញ្ហាកើតឡើងធំដុំនោះឡើយ។នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងទេសចរណ៍៕