ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងត្រូវការថវិកាប្រមាណជាង ១០០លានដុល្លារសហរដ្ឋអាមេរិកទៀត ដើម្បីបង្ហើយការចុះបញ្ជីដីធ្លីទូទាំងប្រទេស ទៅតាមផែនការគ្រោងទុកដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ នេះបើតាមការបង្ហើបឱ្យដឹងពីលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងពិធីទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Eda Kraja នាយកប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នៅទីស្តីការក្រសួង ដើម្បីឈ្វេងយល់ និងសិក្សាឱ្យបានស៊ីជម្រៅអំពីគោលនយោបាយអាទិភាពរបស់ក្រសួង និងធ្វើកិច្ចសហការជាមួយគ្នាក្នុងការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព លោក សាយ សំអាល់ បានលើកឡើងថា ក្រសួងត្រូវការថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក ដើម្បីបង្ហើយការចុះបញ្ជីដីធ្លីទូទាំងប្រទេស ហើយតាមផែនការគឺគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។
បន្ថែមពីនេះ នារសៀលថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី ក៏បានទទួលជួបពិភាក្សាការងារជាមួយ លោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានស្នើសហភាពអឺរ៉ុបពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការលើការងារចុះបញ្ជីដីធ្លីទូទាំងប្រទេស ហើយលោកបានឱ្យដឹងផងដែរថា កន្លងមករដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសម្ភារៈសម្រាប់ការចុះបញ្ជីដីធ្លី ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងស្វែងរកថវិកាប្រមាណជាង ១០០ លានដុល្លារអាមេរិក ដើម្បីចុះបញ្ជីដីធ្លី ៥ លានក្បាលដីទៀតទូទាំងប្រទេសឱ្យបានចប់សព្វគ្រប់។


សូមជម្រាបថា ការងារអាទិភាពមួយរបស់ក្រសួង នៅអាណត្តិថ្មីនេះ គឺការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត៕