សម្តេចធិបតី៖ ការវិនិយោគទៅលើធនធានមនុស្ស គឺការជំរុញឱ្យកំណើនសេដ្ឋកិច្ចក្នុងទីផ្សារសេរី

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ការវិនិយោគទៅលើធនធានមនុស្ស ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើ គឺមនុស្ស ខណៈដែលយុទ្ធសាស្រ្តបញ្ចកោណបានបញ្ជាក់រួចហើយថា មនុស្សគឺជាអាទិភាពទី១ ក្នុងចំណោមកោណទាំង៥”។ ទន្ទឹមគ្នា សម្តេចធិបតី ចាត់ទុកថា ការវិនិយោគទៅលើធនធានមនុស្ស គឺការជំរុញឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក្នុងបរិបទទីផ្សារសេរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី​ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត​ជាង ៥ពាន់នាក់ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលបានកម្ពុជា តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើបរិវត្តកម្មឌីជីថល ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីចូលរួមកសាងធនធានមនុស្សដែលខ្លាំង និងមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍជាតិក្នុងយុគសម័យថ្មីនេះ។

ជាមួយគ្នានេះ សម្តេចធិបតីបន្តថា៖« ការកសាងធនធានមនុស្សដែលមានសុខភាពល្អនិងចំណេះដឹងខ្ពស់ គឺមានសារសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះថា កម្ពុជាប្រកាន់យករបបទីផ្សារសេរី ហេតុនេះ ការអប់រំ និងធ្វើឱ្យយើងមានភាពម្ចាស់ការ លើកកម្ពស់កម្រិតប្រកួតប្រជែង មានលទ្ធភាពឆ្ពោះទៅទទួលបានការងារល្អ និងប្រាក់ខែខ្ពស់ ហើយជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិបទទីផ្សារសេរីបាន»។

ក្រៅពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងដែរថា ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យអប់រំ ក៏នឹងជួយឱ្យកម្ពុជាអាចឈានទៅដល់ទំនើបកម្ម និងការប្រកួតប្រជែងរយៈពេលវែងថែមទៀត៕ អត្ថបទ៖ រង្សី