ស្របពេលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការបណ្តុះបណ្តាលតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំសង្កាត់២៥០នាក់ រយៈពេល៤ថ្ងៃពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែកុម្ភៈនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ក្នុងការទទួលបានការបណ្តុះបណ្តាលលើកដំបូងនេះ សម្រាប់មន្ត្រីកសិកម្មវ័យក្មេងមួយចំនួនបានទស្សនៈ អះអាងថានឹងយកចំណេះជំនាញដែលខ្លួនមានប៉ុន្មានចូលរួមដោះស្រាយបញ្ហាជូនកសិករដែលរស់នៅក្នុងគោលដៅឱ្យអស់ពីសមត្ថភាព។
កញ្ញា ស៊ិន រចនា មន្ត្រីកសិកម្មមានស្រុកកំណើនៅខាងខេត្តពោធិ៍សាត់ បានឱ្យដឹងថា« វគ្គបណ្តុះបណ្តាលតម្រង់ទិសក្នុងរយៈពេល៤នេះ ខ្ញុំសង្ឃឹមថានឹងទទួលបានចំណេះដឹងច្បាស់លាស់មួយបន្ថែមដើម្បីសម្រាប់ ជួយដោះស្រាយកសិករបានចំគោលដៅគាត់ចង់បាន»។
បើតាមមន្ត្រីកសិកម្មវ័យក្មេងក្រៅពីមិនប្រកាន់ការងារកសិកម្មជាឧបសគ្គចំពោះខ្លួនឯង ធៀបទៅនិងបុរស ថែមទំាងបានប្តេជ្ញាចិត្តថានឹងជួយកសិករដែលជួបការលំបាកនៅក្នុងវិស័យកសិកម្មនៅពេលកន្លងមកក៏ដូចជានៅពេលខាងមុខនេះ ប្រឹងឱ្យអស់ពីសមត្ថភាព ដោះឱ្យចំគោលដៅដែលក្រុមកសិករចង់បានដំណោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា។
ពាក់ព័ន្ធនឹងសំនួរថាតើមានមូលហេតុអ្វីបានជាចង់ក្លាយជាមន្ត្រីកសិកម្ម? កញ្ញា ស៊ិន រចនា បញ្ជាក់ថា«នៅតំបន់ឃុំគោលដៅរបស់ខ្ញុំជាតំបន់មានអាទិភាពដំណាំស្រូវ ពួកគាត់ធ្វើស្រូវច្រើន ជួបប្រទះបញ្ហាមួយចំនួនឃើញថាគាត់ជួបការលំបាក អីចឹងទើបខ្ញុំចង់មកប្រឡងធ្វើជាមន្ត្រីកសិកម្ម ហើយបើយើងជាប់ជាមន្ត្រីកសិកម្មយើងអាចទៅជួយដោះស្រាយជូនពួកគាត់បាន ព្រោះស្រូវជាដំណាំអាទិភាពសំខាន់មួយដែលប្រជាពលរដ្ឋរស់នៅក្នុងប្រទេសត្រូវបរិភោគបាយទំាងអស់គ្នា»។
កញ្ញា ខុន ស្រីដែន ដែលជាមន្ត្រីកសិកម្មឃុំប្រចំានៅខេត្តកណ្តាលបានចាត់ទុកវគ្គតម្រង់ទិសនេះវគ្គនេះវាធ្វើឱ្យកញ្ញាមានជំនឿកាន់តែមុះមុតជាងមុនក្នុងការធ្វើការងារជាមួយកសិករ ដើម្បីចូលរួមអភិវឌ្ឍន៍ឱ្យកសិករមានការរីកចម្រើនថែមទៀត។
កញ្ញា ខុន ស្រីដែន បញ្ជាក់ថា« សម្រាប់ខ្ញុំ! ខ្ញុំគិតថាវាអត់មានបញ្ហាចោទនោះ តែសម្រាប់ស្ត្រីៗជំនាន់មុនៗវាអាចពិបាកបន្តិច តែសម័យឥលូវយើងមានសិទ្ធស្មើគ្នា។មានន័យថាបុរសធ្វើការងារជាមន្ត្រីកសិកម្មឃុំសង្កាត់បានសម្រាប់ស្ត្រីក៏អាចធ្វើបានដូចគ្នា។សម្រាប់ខ្ញុំ នឹងខំប្រឹងឱ្យអស់លទ្ធភាពអ្វីជួយដល់កសិករឱ្យបានផ្អែក ទៅតាមចំណេះដឹងនិង បទពិសោធន៍ ខ្លួនមានដោយធ្វើយ៉ាងណាឱ្យការបង្កបង្កើនផលរបស់ពួកគាត់កើនឡើង»។
បើយោងតាម កញ្ញា ខុន ស្រីដែនលើកឡើងថាសម្រាប់និស្សិតដែលចង់ប្រឡងជាប់ជាមន្ត្រីកសិកម្មឃុំសង្កាត់នៅវគ្គក្រោយ ត្រូវស្វែងយល់ពីវិស័យកសិកម្មឱ្យច្បាស់លាស់ ទៅលើប្រភេទដំណំាផ្សេងៗក៏ដូចជាបទដ្ឋានទូទៅនៃដំណំាស្រូវនិងផ្នែកទូទៅនៃវិស័យកសិកម្ម ទើបងាយស្រួលក្នុងប្រឡង។
លោក គឿង លីង និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មឆ្នំាទី៤ បានឱ្យដឹងថា ការងារនៅក្នុងវិស័យកសិម្ម កំពុងមានការចាប់អារម្មណ៍ច្រើនពីនិស្សិត ពិសេសចង់ក្លាយជាមន្ត្រីកសិកម្មឃុំនៅពេលខាងមុខ ហើយដើម្បីសម្រេចបំណងប្រាថ្នាមួយនេះយើងត្រូវខិតខំប្រឹងប្រែងរៀនសូត្រនឹងស្វែងរកមេរៀនដែលទាក់ទងកាលធ្វើការប្រឡងពេលមុនៗ នឹងត្រូវបង្កើនសមត្ថភាពខ្លួនឯងឱ្យខ្លំាង ដល់ពេលនោះនឹងទទួលបានលទ្ធផលល្អ៕តាកែវ