សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានស្នើតែងតាំងលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំចំនួន២រូបទៀត ជាទេសរដ្ឋមន្រ្តី។ នេះបើតាមកាហ្វេសប៊ុកលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាបានឱ្យដឹងថា តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នឹងរៀបចំឡើងនៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈនេះ ដោយមានរបៀបវារៈតែមួយ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប មាន ៖
– លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
– លោក ស៊្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
– លោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
ប្រធានរដ្ឋសភា បានឱ្យដឹងទៀតថា ទាក់ទិននឹងការតែងតាំងនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួនពីរលើកនាពេលខាងមុខនេះ ដែលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញលើកទី១នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៤។ការប្រជុំនេះដែរ គឺធ្វើឡើងស្របតាមសំណើរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ រង្សី