មន្ត្រីកសិកម្មឃុំ២៥០នាក់នឹងបញ្ជូនទៅបម្រើការងារនៅថ្ងៃទី១៩កុម្ភៈបន្ទាប់ពីទទួលការបណ្តុះបណ្តាលតម្រង់ទិស៤ថ្ងៃ

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ឱ្យដឹងថា មន្ត្រីកសិកម្មឃុំសង្កាត់ដែលបានប្រឡើងជាប់ទំាង២៥០នាក់នឹងបញ្ជូនទៅបម្រើការងារជួយដល់កសិករនៅតាមគោលដៅដែលបានកំណត់ យ៉ាងយូរនៅថ្ងៃទី១៩កុម្ភៈបន្ទាប់ពីទទួលបានការបណ្តុះបណ្តាលវគ្គតម្រង់ទិសរយៈពេល៤ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែកុម្ភៈឆ្នំា២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោក យ៉ង សំាង កុមារ រដ្ឋលេខាធិការក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា «ការបណ្តុះបណ្តាលតម្រង់ទិសដល់ដល់មន្ត្រីកសិកម្មឃុំ២៥០នាក់នឹងបញ្ចប់នៅថ្ងៃទី១៦ខែកុម្ភៈឆ្នំា២០២៤ ហើយដល់ថ្ងៃទី១៩គាត់នឹងចុះទៅធ្វើការនៅតាមឃុំគោលដៅដែលបានជ្រើសរើស ហើយនៅក្នុងពេលនោះនឹងមានការណែនាំតាមខេត្ត តាមរយៈមន្ទីរកសិកម្មនៅខេត្ត ស្រុក ឃុំ ហើយបន្ទាប់មកនឹងមានការប្រជុំនៅតាមភូមិ ក្នុងគោលបំណងធ្វើយ៉ាងម៉េចឱ្យអ្នកពាក់ព័ន្ធទំាងអស់រួមទំាងកសិករបានដឹងអំពីវត្តមានរបស់ មន្ត្រីកសិកម្ម យល់ពីតួនាទី នឹងការទទួលខុសត្រូវរបស់មន្ត្រីកសិកម្ម ហើយចូលរួមជាមួយគាត់ដើម្បីអនុវត្តការងារឱ្យទទួលបានជោគជ័យ»។

លោកថា បេសកម្មរបស់មន្ត្រីកសិកម្មឃុំចំនួន២៥០នាក់នេះ គឺគាំទ្រដល់កសិករដើម្បីបង្កើននូវប្រាក់ចំណូលពីការប្រកបមុខរបរធ្វើកសិកម្ម។ ក្នុងន័យបង្កើនការផលិត គ្រប់គ្រងថ្លៃដើមនិងធ្វើយ៉ាងម៉េចឱ្យកសិករមានទីផ្សារអាចលក់កសិផលរបស់គាត់បានតម្លៃសមរម្យ។ជារួមធ្វើយ៉ាងណាឱ្យប្រាក់ចំណូលរបស់ប្រជាកសិករកើនឡើង ហើយធានាបាននៅសន្តិសុខស្បៀងសម្រាប់គ្រួសារកសិករ ក៏ដូចជាសង្គមជាតិទំាងមូល។

លោកសង្កត់ធ្ងន់ថា «យើងរំពឹងថា ចំនួនប្រជាកសិករដែលនៅបន្តប្រកបការងារកសិកម្មនឹងទទួលបានជោគជ័យ។ ភាពជោគជ័យនេះបង្ហាញតាមរយៈប្រាក់ចំណូលយកមកទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ការកើនឡើងនៃផលិតកម្ម ចូលរួមចំណែករក្សាដល់សន្តិសុខស្បៀងសម្រាប់ប្រទេសនិងសេដ្ឋកិច្ចជាតិទំាងមូល»។

ពាក់ព័ន្ធនឹងមន្ត្រីកសិកម្មឃុំសង្កាត់នេះ ឆ្នំា២០២៣រាជរដ្ឋាភិបាលជ្រើសរើស២៥០នាក់ ឆ្នំា២០២៤ជ្រើសរសើ៨០០នាក់និងឆ្នំា២០២៥ជ្រើសរើស៥៥០នាក់ សរុប១៦០០នាក់សម្រាប់ដាក់ពង្រាយនៅទូទំាងប្រទេស៕
តាកែវ