អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៥ខែកុម្ភៈឆ្នំា២០២៤នេះថា វិស័យធានារ៉ាប់រងក្នុងប្រទេសទទួលបានបុព្វលាភជាង៣៤២លានដុល្លារអាមេរិកនៅក្នុងឆ្នំា២០២៣ ហើយការកើនឡើងនៃទំហំទឹកប្រាក់នេះបង្ហាញឱ្យឃើញថាវិស័យមួយនេះមានការីកចម្រើន។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ISJ ក្រៅប្រទេសស្តីពី «បេសកកម្មរបស់វិស័យធានារ៉ាប់រងទូទៅ ដើម្បីសុខុមាលភាពមនុស្សគ្រប់រូប» នៅថ្ងៃទី១៥កុម្ភៈនេះថា ផ្អែកលើស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលកម្ពុជារក្សាបានក្នុងរយៈពេលជាងពីរទសវត្សរ៍ ចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ និងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ទីផ្សារមានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ២០% ដោយមានបុព្វលាភ(ប្រាក់បង់ប្រចំាឆ្នំា)ដុលបន្តកើនឡើងដល់ជាង ៣៤២ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣។
លោកបញ្ជាក់ថា «បច្ចុប្បន្នក្រុមហ៊ុនធានារ៉ាប់រងដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចំនួន ៤១ ជាមួយនឹងទ្រព្យសកម្មជាង ១ ប៊ីលានដុល្លារអាម៉េរិក ដែលក្នុងនោះមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៥ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១។ តែប្រសិនបើពិនិត្យលើសូចនាករគន្លឹះ (១) អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច និង (២)ដង់ស៊ីតេធានារ៉ាប់រងរបស់កម្ពុជា ឃើញថា អត្រាភាគទានមានតែជាង ១% និងដង់ស៊ីតេមានតែជាង ២០ដុល្លារ សម្រាប់មនុស្សម្នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ ដែលសូចនាករនេះ បញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគត ប៉ុន្តែប្រឈមនឹងកត្តាមួយចំនួនដូចជា កង្វះសមត្ថភាពជំនាញធានារ៉ាប់រង និងកង្វះការយល់ដឹងរបស់សាធារណជនអំពីការធានារ៉ាប់រង»។
លោកលើកឡើងថា ដោយមើលឃើញនូវសក្តានុពល និងបញ្ហាប្រឈមទាំងនេះ និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយសមាគមធានារ៉ាប់រងទូទៅជប៉ុន, វិទ្យាស្ថានធានារ៉ាប់រងទូទៅជប៉ុន និងសមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលានេះបានអញ្ជើញវាគ្មិនដែលមានចំណេះជំនាញខ្ពស់ និងមានបទពិសោធន៍ក្នុងវិស័យធានារ៉ាប់រង មកបង្ហាញ និងចែករំលែកចំណេះដឹងដ៏មានតម្លៃ ហើយសង្ឃឹមជឿជាក់ថាសិក្ខាសាលានេះនឹងលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពជំនាញធានារ៉ាប់រង ដែលអាចរួមចំណែកជំរុញការអភិវឌ្ឍទីផ្សារធានារ៉ាប់រង និង សេដ្ឋកិច្ចជាតិ៕ តាកែវ