លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ក្នុងពិធីប្រកាសបើកពិព័រណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឆ្នាំ២០២៤ កាលថ្ងៃទី១៦ ខែកុម្ភ: ថា កម្មវិធីពិព័រណ៌ កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ដែលប្រារព្ធឡើងនេះក្នុងគោលបំណងរួមមាន៖
ទី១- ផ្សារភ្ជាប់រវាងអ្នកផលិត និងអ្នកមានតម្រូវការ
ទី២- បង្ហាញពីវឌ្ឈនភាពវិស័យកសិកម្ម និងម្ហូបអាហារនៅកម្ពុជា
ទី៣- បង្ហាញពីការអភិវឌ្ឃធនធានមនុស្ស និងផលិតផលស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម
ទី៤- ដើម្បីបង្ហាញពីសហគមន៍កសិកម្មនៅកម្ពុជា សហគ្រាស ក្រុមហ៊ុនឯកជន និងស្ថាប័នរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
ទី៥- លើកកម្ពស់ និងជំរុញទីផ្សារ ផលិតផលក្នុងស្រុកដែលមានសុវត្ថិភាព គុណភាព និងមានវិញ្ញាបនបត្រដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមមន្ត្រីជាន់ខ្ពស់ កសិកម្ម កម្មវិធីពិព័រណ៌កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ មានដាក់បង្ហាញផលិតផលរបស់ក្រុមហ៊ុន សហគ្រាស និងសហគមន៍ជាច្រើន ព្រមទាំងផលិតផលដែលជាធាតុចូលវិស័យកសិកម្ម មានគ្រឿងយន្តកសិកម្ម និងមានជាម្ហូបអាហារកែច្នៃ ផលិតផលភេសជ្ជៈជាច្រើនប្រភេទ បន្លែចម្រុះ ផ្លែឈើច្រើនមុខ ផលិតផលកែច្នៃពីត្រី ដំណាប់ផ្លែឈើ គ្រាប់ស្វាយចន្ទីកែច្នៃរួច ស្រូវ អង្ករ ទឹកដោះគោស្រស់ រួមជាមួយនឹងស្រាដែលផលិតចេញ ពីផ្លែឈើខ្មែរជាដើម និងផលិតផលផ្សេងជាច្រើនទៀត។

ការដាក់បង្ហាញនេះ ធ្វើឡើងដើម្បីឱ្យសាធារណៈជនទូទៅ និងដៃគូអភិវឌ្ឍន៍បានដឹង និងទស្សនា អាចចូលរួមភ្លក្សម្ហូបអាហារ និងអាចទិញបាន នូវផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា និងរួមចំណែកដើម្បីលើកស្ទួយវិស័យ កសិកម្មឱ្យកាន់តែមានភាពរីកចម្រើន។
កម្មវិធី “កសិកម្ម វាលបៃតង និងអាហារ ឆ្នាំ២០២៤” រៀបចំធ្វើមានរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម (ចំការដូង) ដែលនៅថ្ងៃចាប់ផ្តើមបើកប្រកាស កម្មវិធីពិព័រណ៌នេះគឺនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ចាប់ពីម៉ោង ១៧:០០ល្ងាច ដល់ ២១:០០យប់ មានអ្នកចូលរួមទស្សនាប្រមាណជិត៣ពាន់នាក់៕ តាកែវ



