សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញមហិច្ចតាថា នាពេលអនាគតកម្ពុជា ចង់ឃើញហេដ្ឋារចនាសម្ព័ន្ធធំៗ សាងសង់កើតចេញពីដៃកូនខ្មែរផ្ទាល់ ខណៈការកសាងហេដ្ឋារចនាសម្ព័ន្ធ នានា រួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
សម្ដេចលើកឡើងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោមព្រែកប្រា ព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបាន ជួយឱ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាធ្វើដំណើរ បង្រួមខេត្តក្រុងឱ្យកាន់តែជិតគ្នា។ទន្ទឹមគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហាញមហិច្ចតាថា នាពេលអនាគតកម្ពុជា ចង់ឃើញហេដ្ឋារចនាសម្ព័ន្ធធំៗ សាងសង់កើតចេញពីដៃកូនខ្មែរផ្ទាល់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបណ្ដុះបណ្ដាលនូវធនធានមនុស្សរបស់ជាតិជាច្រើនទាក់ទងជាមួយនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអទិភាពផ្សេងៗទៀតទាក់ទងជាមួយនឹងបច្ចេកវិទ្យា ដោយសង្ឃឹមថាធនធានទាំងនេះនឹងបង្ហាញស្នាដៃបង្កើតស្នាដៃសម្រាប់ជាតិកាន់តែច្រើននិងពេញលេញ។
ក្រៅពីនេះ នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក៏បានសង្កត់ធ្ងន់ទៀតថា តាមរយៈកំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជា ក៏បានចូលរួមរុញកំណើន រោងចក្រ សហគ្រាស ជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ៕អត្ថបទ៖ រង្សី