រយៈពេល១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៤៤លានដុល្លារ។នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈនេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៤៤ លានដុល្លារ។គម្រោងទាំងនោះ មានដូចជា គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ, គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ, គម្រោងវិនិយោគអាជីវកម្មរ៉ែដែក, រោងចក្រផលិតកាបូប, កសិដ្ឋានចិញ្ចឹមជ្រូក និងរោងចក្រកែច្នៃ, គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្ម, រោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ, រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតដើមណូអែល, រោងចក្រផលិតគ្រឿងសង្ហារឹមជាដើម។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង២២ នោះមានទីតាំងស្ថិតនៅ១០រាជធានី/ខេត្ត រួមមានភ្នំពេញ៤គម្រោង, ខេត្តកំពង់ចាម១គម្រោង, ខេត្តកំពង់ឆ្នាំង១គម្រោង, ខេត្តព្រះសីហនុ៣គម្រោង, ខេត្តកំពង់ស្ពឺ៣, ខេត្តតាកែវ២, ខេត្តស្ទឹងត្រែង២, ខេត្តស្វាយរៀង៤, ខេត្តព្រះវិហារ១, និងខេត្តកណ្តាល១គម្រោង។
គួរបញ្ជាក់ផងដែរថា ក្នុងមួយខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែង។ក្នុងនោះ ទុនវិនិយោគប្រមាណជាង ៧៨% មានប្រភពមកពី ប្រទេសចិន, ៩,៦៥% មកពីប្រទេសសិង្ហបុរី, ៥,៣៤% មកពីសហរដ្ឋអាម៉េរិក, ៣,៥៥% មកពីសាធារណរដ្ឋកូរ៉េ, និង ២,៧៣% មកពីប្រភពក្នុងស្រុក៕