សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានប្រើច្បាប់ និងបញ្ឈប់ឱ្យចូលទឹកដីកម្ពុជាជារៀងរហូត ចំពោះជនបរទេសណាដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាមិនអាចអត់ឱនឱ្យបានទេ ចំពោះជនជាតិចិនតៃវ៉ាន់ ២នាក់ ដែលបានផលិតមាតិកាវីដេអូប្រឌិត ធ្វើឱ្យខូចមុខមាត់កម្ពុជាឡើយ ខណៈសម្តេចក៏បានព្រមានប្រើច្បាប់ និងបញ្ឈប់ឱ្យចូលទឹកដីកម្ពុជាជារៀងរហូត ចំពោះជនបរទេសផ្សេងទៀតដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចលើកឡើងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោមព្រែកប្រា ព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា៖« កម្ពុជាមិនអាចអត់ឱនឱ្យបានទេ ចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតមាតិកាវីដេអូប្រឌិត ធ្វើឱ្យខូចមុខមាត់ និងកិត្តិយសកម្ពុជា តាមរយៈការផលិតវីដូ ចាប់ជំរិត និងវីដេអូប្រឌិតជាច្រើនទៀត ដូច្នេះមិនអាចឱ្យមានការអន្តរាគមន៍ជាដាច់ខាត»។

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានព្រមានដល់ក្រុមអ្នកផលិតមាតិកាវីដេអូផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះទេ កម្ពុជានឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះករណីនេះ។

ដោយសម្តេចបានបន្តថា៖«ចំពោះជនបរទេសណាក៏ដោយ ឬពលរដ្ឋប្រទេសផ្សេងដែលធ្វើឱ្យប៉ះពាល់មុខមាត់កម្ពុជា ដោយយកកម្ពុជាអាជីវកម្មផ្ទាល់ខ្លួន នឹងត្រូវចាប់ដាក់ឃុំខ្លួន ក្នុងពន្ធនាគារចំនួន ២ ឆ្នាំ បន្ទាប់មកបណ្ដេញចេញពីកម្ពុជា ហើយនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ មិនឱ្យចូលមកកម្ពុជាមួយជីវិតថែមទៀត»។

សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសបែបនេះ គឺក្នុងគោលដៅការពារផលប្រយោជន៍ជាតិកម្ពុជា នឹងលើកកម្ពសវិស័យទេសចរណ៍របស់ជាតិ៕ អត្ថបទ៖ រង្សី