រយៈពេលមួយខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានប្រមាណ ២៩៨,៥៥លានដុល្លារ ស្មើនឹង៧,១៧ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ថយចុះ០,៦៨ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២៣។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ១ ២០៩,១៤ ប៊ីលានរៀល (ប្រមាណជា ២៩៨,៥៥ លានដុល្លារ) ស្មើនឹង ៧,១៧ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
លោកបន្តថា បើប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែមករា ឆ្នាំ២០២៣ ឃើញថាចំនួននេះថយចុះប្រមាណ ៨,២៤ ប៊ីលានរៀល (ប្រមាណជា ២,០៣ លានដុល្លារ) ស្មើនឹង ០,៦៨ភាគរយ។
គួរបញ្ជាក់ផងដែរថា រយៈពេលមួយឆ្នាំ២០២៣ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ១៤ ៦២៩,១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣ភាគរយនៃផែនការ ដែលចំនួននេះមានការកើនឡើង ៤,៤៩ភាគរយបើធៀបនឹងឆ្នាំ២០២២៕