សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសជំហរប្រឆាំងដាច់ណាត់ចំពោះការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជា ហើយសម្តេចក៏បានផ្តាំទៅអ្នកដែលចង់សុំដាក់ទុនវិនិយោគដាំកញ្ឆានៅស្រុកខ្មែរ មិនបាច់ចាំចំណាយពេលជិះយន្តហោះមកទេ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅទី២០ កុម្ភៈ ២០២៤ សម្តេចធិបតី មានប្រសាសន៍ថា៖ « ថ្មីៗនេះ មានអ្នកមកសុំច្បាប់វិនិយោគដាំកញ្ឆា នាំចេញទៅប្រទេសកាណាដា ដើម្បីទៅធ្វើថ្នាំ ប៉ុន្តែខ្ញុំសូមប្រាប់ថា ដរាបណាខ្ញុំនៅជានាយករដ្ឋមន្រ្តីខ្ញុំសូមប្រឆាំងដាច់ខាត់ការ ហើយច្បាប់នេះមិនអនុញ្ញាត្តិឱ្យធ្វើទេ»។
ជាមួយគ្នានេះ សម្ដេចធិបតីបានអំពាវនាវដល់វិនិយោគិនបរទេសទាំងឡាយណា ដែលមានបំណងចង់មកវិនិយោគដាំកញ្ឆានៅកម្ពុជា សូមកុំចាំបាច់ចំណាយវេលាពេលជិះយន្តហោះនាំឥតប្រយោជន៍ ខ្ញុំមិនឱ្យធ្វើទេ»។
ក្រៅពីនេះ សម្តេចធិបតីក៏បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និង កីឡា, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ក្រសួងធម្មការ និង សាសនា និង ក្រសួងទេសចរណ៍ ត្រូវចូលរួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន លើការងារដ៏សំខាន់នេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីបញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយទូលំទូលាយ ទាំងនៅតាមសាលារៀន វត្តអារាម សិល្បៈកំសាន្ត កីឡា និង វេទិកានានាផងដែរ៕ អត្ថបទ៖ រង្សី