នាយករដ្ឋមន្រ្តីផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិលដែលពាក់ព័ន្ធគ្រឿងញៀន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិលចេញពីក្របខណ្ឌ បើជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ សម្តេចបញ្ជាក់ថា នេះជាការពន្លាតនៃការអនុវត្តទូទាំងមន្ត្រីរាជរដ្ឋាភិបាលតែម្តង ពោលគឺទាំងមន្ត្រីរាជការស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យតែរកឃើញថាមានការប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រសៀលថ្ងៃទី២០ ខែកុម្ភៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានការអនុគ្រោះទៀតទេក្នុងជួររាជរដ្ឋាភិបាល ដែលពាក់ព័ន្ធគ្រឿងញៀន ហើយនេះជាវិធីសាស្ត្រមួយក្នុងការសម្អាតចកក្នុងបឹង។ ទន្ទឹមនេះ សម្តេចបានណែនាំឲ្យក្រសួងក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈចែករំលែកទិន្នន័យគ្នាចំពោះមន្ត្រីដែលត្រូវបានបណ្តេញចេញ ដើម្បីកុំឲ្យទៅជ្រកនៅស្ថាប័នផ្សេងទៀត។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ឱ្យអស់នូវឫសគល់គ្រឿងញៀនពីកម្ពុជា ក្នុងគោលដៅឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ដាក់បានបញ្ចូលការយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់របស់ស្នូលនៃបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ស្របតាមការប្តេជ្ញាចិត្ត “កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន” តាមទស្សនវិស័យ “ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន” ព្រមទាំងបានដំឡើងកម្រិតនៃការបញ្ជា ដឹកនាំ និងចាត់តាំងយុទ្ធនាការដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័ន ក្នុងការអនុវត្ត ផ្សព្វផ្សាយ និងគាំទ្រ៕ អត្ថបទ៖ អក្ខរា