កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញថា មន្រ្តីណាមានសារធាតុញាណក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយមិនមានការលើកលែងឡើយ។

វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការនៅគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសកម្ពុជា ឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា បានលើកឡើងថា គ្រឿងញៀន ពិតជាបានបំផ្លាញដល់អនាគតរបស់យុវជន ដែលជាទំពាំងស្នងឫស្សី គ្រឿងញៀនបំផ្លាញដល់សង្គមជាតិ និងបំផ្លាញប្រទេសជាតិ។ កំពូលតារាចម្រៀងរូបនេះ បានបន្តថា បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីវិធានការដ៏ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់លើបញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា កញ្ញា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ហើយសូមឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមទប់ស្កាត់ទាំងអស់គ្នា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន គឺនិយាយថា «ទេ ចំពោះគ្រឿងញៀន»៕
