សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនអាចបិទការនាំចូលពីប្រទេសខាងក្រៅនោះទេ ព្រោះយើងក៏មានការនាំចេញវិញដែរ ប៉ុន្តែត្រូវយកការច្នៃប្រឌិតផលិតភាពរបស់យើងដើម្បីមកប្រកួតប្រជែង។
សម្តេចធិបតីថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
នៅថ្ងែទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សម្តេចធិបតីមានប្រសាសន៍ថា កម្ពុជាមិនអាចបិទប្រទេសបានទេក្នុងការនាំចូល ព្រោះយើងក៏ត្រូវបើកនាំចេញទៅក្រៅដែរ។ដូច្នេះ បើយើងរួមគ្នាជាសិប្បកម្ម យើងអាចប្រមូលទុន ប្រមូលជំនាញគឺយើងអាចផលិតបានដើម្បីប្រកួតប្រជែង។
សម្តេចធិបតីបន្តថា យើងមិនអាចដាក់ច្បាប់បិទមិនឱ្យនាំចូលបាននោះទេ មានតែយកការច្នៃប្រឌិតរបស់យើង ផលិតភាពរបស់យើងដើម្បីមកប្រកួតប្រជែង។មានន័យថាអតិថិជនយើងថ្ងៃណាមួយគាត់នឹងមកទិញផលិតផលក្នុងស្រុករបស់យើងដោយមិនចាំបាច់បង្ខំគាត់។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា យន្តការប្រកួតប្រជែងនេះ គឺសហគ្រាសក្នុងប្រទេស ត្រូវតែមានការរួមគ្នា ដោយការពង្រឹង និងកែច្នៃផលិតកម្មរបស់ខ្លួន តាមរយៈការជួយសម្របសម្រួល ជ្រោមជ្រែងពីរាជរដ្ឋាភិបាល ទើបអាចប្រកួតឈ្នះគេបាន៕